ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល រកចំណូលពីក្រុមហ៊ុនដីសម្បទានដីសេដ្ឋកិច្ច ប្រមាណជាង ៦លានដុល្លារ

173


ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងប្រាប់ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា ក្រុមហ៊ុន បានបង់ថ្លៃដីសម្បទានដីសេដ្ឋកិច្ច ត្រូវបង់ចូលថវិកាជាតិសរុបចំនួន ៦.៦៣៦.៧២០,១១ ដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែកផ្ទៃដី ដែលបានដកហូត និងសល់ពីការកាត់ជូនប្រជាជនប្រមាណជា ៦១៩.៥០៧ហិកតា ត្រូវបានក្រសួង បង្កើតជាស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើ ។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ ។ ក្នុងឱកាសនោះ ប្រធានបទសំខាន់ក្នុងការពិភាក្សាបានផ្តោតការយកចិត្តទុកដាក់ទៅលើ៖ ១) ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាសិទ្ធិក្នុងការទទួលបានស្បៀងនិងអាហារូបត្ថម្ភ របស់ប្រជាជនកម្ពុជា ២) គោលបំណងពិតរបស់រាជរដ្ឋាភិបាលក្នុងការជំលៀសប្រជាជនចេញពីតំបន់ឆ្នុកទ្រូក្នុងខេត្តកំពង់ឆ្នាំង ៣) វឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច និងទី៤) តុល្យភាពនៃការភិរក្សធនធានធម្មជាតិ និងសហគមន៍ព្រៃឈើ និងកសិកម្ម។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រី្តបានលើកមកបញ្ជាក់ម្តងមួយៗដូចខាងក្រោម៖
ទី១. ការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាសិទ្ធិក្នុងការទទួលបានស្បៀងនិងអាហារូបត្ថម្ភ របស់ប្រជាជនកម្ពុជា៖ ជារួមគឺជាកង្វល់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយស្ថាប័នអង្គការសហប្រជាជាតិ (FAO UNIDO WFP និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត (ADB, WB, IFAD, China, EU, AFD, Japa, Korea,…) ។ រាល់ការកង្វល់ទាំងអស់រួមជាមួយ ការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបស័គ្គរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើសមរភូមិស្តារ និងអភិវឌ្ឍន៍ វិស័យកសិកម្ម គួបផ្សំជាមួយនឹងការដាក់ចេញនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ១៩៩៨ បានប្រែក្លាយកម្ពុជាដែលធ្លាប់តែខ្វះស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់ (៤លានតោន) ហើយបានសល់ស្បៀងប្រមាណជា ៩ម៉ឺនតោន ជាពិសេសនៅឆ្នាំ២០១៧-២០១៨ កម្ពុជាផលិតស្រូវបាន ១០,៥លានតោន ហើយមានអតិរេកស្បៀងប្រមាណជា ៥,៥ លានតោនសម្រាប់ធ្វើការកែច្នៃក្នុងការនាំចេញទៀតផង ។ ទន្ទឹមនឹងនេះកម្ពុជាទទួលបានផលិតផលពីដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មមានចំនួន ១៦,៣៨លានតោន នៅឆ្នាំ២០១៧ កន្លងមក ។ លទ្ធផលទាំងអស់នេះបានចូលរួមចំណែកប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំនួនមធ្យមកម្រិតទាប ហើយមានក្តីសង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។
ទី២. គោលបំណងពិតរបស់រាជរដ្ឋាភិបាលក្នុងការជំលៀសប្រជាជនចេញពីតំបន់ឆ្នុកទ្រូក្នុងខេត្តកំពង់ឆ្នាំងគឺ៖ ក)កែលម្អបរិស្ថានទឹកឲ្យបានល្អប្រសើរដើម្បីសុខមាលភាពប្រជាជនរស់នៅក្នុងតំបន់នោះ និងស្ថិតនៅខាងក្រោមខ្សែទឹកផងដែរ។ ខ) ធ្វើឲ្យការរស់នៅរបស់ប្រជាជន មានហេដ្ឋារចនាសម្ព័ន្ធបានត្រឹមត្រូវ និងការប្រកបរបរទទួលទានមានសណ្តាប់ធ្នាប់ និងមានអនាម័យល្អ ។ គ) ប្រជាជនមានជម្រើសក្នុងការប្រកបមុខរបរដែលខ្លួនពេញចិត្ត បើទោះបីគាត់ចង់បន្តរបរនេសាទយ៉ាងណាក្តី ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលពុំមានបំណងណាមួយក្នុងការផ្តល់ការធ្វើនេសាទតំបន់នោះទៅជាការនេសាទឧស្សាហកម្មឡើយ ទន្ទឹមនឹងនេះ ក្នុងករណីណាមួយដែលប្រជាជនចង់បានពង្រីកមុខរបរកសិកម្ម ក្រសួងនឹងខិតខំផ្តល់សេវាជូននាពេលអនាគត់។
ទី៣. វឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច៖ កន្លងមករាជរដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ចជូនក្រុមហ៊ុនចំនួន ៣៣០ ក្រុមហ៊ុន ។ ដោយបានពិនិត្យមើលឃើញមានកើតឡើងនូវភាពអសកម្មមួយចំនួនដែលបាន កើតឡើងពីការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ចកន្លងមក រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ១០១ ក្រុមហ៊ុន ដកហូតដីបានចំនួន ៧៤៨ ០៦៤ ហិកតា ក្នុងនោះ៖ ដោយក្រសួងកសិកម្ម មុនការបង្កើតគណៈកម្មការអន្តរក្រសួង និរាករណ៍គម្រោងចំនួន ៥៥ ក្រុមហ៊ុន ដកហូតដីបានចំនួន ៣១០ ៧២៦ ហិកតា។ ដោយគណៈកម្មការអន្តរក្រសួង និរាករណ៍គម្រោងចំនួន ៤៦ ក្រុមហ៊ុន ដកហូតដីបានចំនួន ៤៣៧ ៣៣៨ ហិកតា ក្នុងនោះ៖ ក្រសួងកសិកម្ម និរាករណ៍គម្រោងចំនួន ២២ ក្រុមហ៊ុន ស្មើនឹងទំហំផ្ទៃដី ១៤៩ ៩១៩ ហិកតា។ ក្រសួងបរិស្ថាន និរាករណ៍គម្រោងចំនួន ២៤ ក្រុមហ៊ុន ស្មើនឹងទំហំផ្ទៃដី ២៨៧ ៤១៩ ហិកតា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ២២៩ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឲ្យបន្តសុពលភាពលើផ្ទៃដី ១ ១៧៨ ៦៤៦ ហិកតា ស្ថិតនៅ ១៩ ខេត្ត ជាមួយនឹងការដាក់ចេញនូវវិធានមុតស្រួចមួយចំនួនដែលឈានទៅដល់ កាត់បន្ថយទំនាស់រវាងក្រុមហ៊ុនជាមួយប្រជាជនឲ្យបានជាអតិប្បរមា។ ជាក់ស្តែង ក្នុងចំណោមក្រុមហ៊ុនទាំង ២២៩ សម្រេច៖ បានការចុះកិច្ចសន្យាថ្មីចំនួន ០៣ ក្រុមហ៊ុន និងចុះកិច្ចសន្យាកែសម្រួលចំនួន ៤៨ ក្រុមហ៊ុន។ បានចុះបញ្ជីដីរដ្ឋរួចរាល់ស្ថាពរចំនួន ១១៤ ក្រុមហ៊ុន។ មិនទាន់ចុះបញ្ជីដីរដ្ឋរួចរាល់ចំនួន ១១៥ ក្រុមហ៊ុន។ បានធ្វើអនុបយោគរួចរាល់ចំនួន ១៣៤ ក្រុមហ៊ុន។ មិនទាន់បានធ្វើអនុបយោគចំនួន ៩៥ ក្រុមហ៊ុន និងបានធ្វើ៖ ការឈូសឆាយបានចំនួន ៥១៥ ៧០១ ហិកតា ការដាំដុះបានចំនួន ៤៣៨ ២៥០ ហិកតា ការសាងសង់ប្រព័ន្ធផ្លូវចំនួន ១៧ ៦២៤ គីឡូម៉ែត្រ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ៦៤ ១១៩ នាក់ ក្នុងនោះ៖
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានបង់ថ្លៃដីសម្បទានដីសេដ្ឋកិច្ចត្រូវបង់ចូលថវិកាជាតិសរុបចំនួន ៦.៦៣៦.៧២០,១១ ដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែកផ្ទៃដីដែលបានដកហូត និងសល់ពីការកាត់ជូនប្រជាជនប្រមាណជា ៦១៩.៥០៧ហិកតា ត្រូវបានក្រសួងបង្កើតជាស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើ ។

ទី៤. តុល្យភាពនៃការភិរក្សធនធានធម្មជាតិ និងសហគមន៍ព្រៃឈើ និងកសិកម្ម៖ នៅពាក់កណ្តាលឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលបានសម្រេច ផ្ទេរការងារអភិរក្សព្រៃឈើទាំងអស់ ជូនទៅក្រសួងបរិស្ថានដែលមាន ២.៦៣៦.០៨០ ហិកតា, (ព្រៃការពារ ១៣ កន្លែង: ១.៦៨៤.៧៥៥ ហិកតា និងព្រៃផ្តល់ផល ៥កន្លែង: ៩៥១,៣២៥ ហិកតា) ដោយឡែកការងារគ្រប់គ្រងដីសម្បទាន លើការដាំដុះដំណាំកសិឧស្សាហកម្មទាំងអស់ បានប្រគល់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងវិញ ។ ទន្ទឹមនឹងនេះ ក្នុងគោលបំណងធានាបាននិរន្តរភាពព្រៃឈើ ជៀសវាងបានការពង្រីកដីថ្មី របស់សហគមន៍ព្រៃឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ចេញនូវវិធានការមួយចំនួនក្នុងការកៀរគររកប្រភពជំនួយ ដើម្បីបង្កើនប្រាក់ចំណូលតាមរយៈបង្កើតមុខរបរ ដល់សមាជិកសហគមន៍ តាមរយៈការចិញ្ចឹមសត្វ និងការដាំដុះដំណាំផ្សេង ជាមួយព្រៃឈើដែលទាញយកកម្រៃបានចេញ ពីការដាំដុះឫស្សីយកទំពាំង។ល៕

អត្ថបទដែលជាប់ទាក់ទង