ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រក្សាសន្តិសុខ សណ្តាប់​ធ្នាប់ និងសុវត្ថិភាព បុណ្យឯករាជ្យជាតិ ស្នើឲ្យម្ចាស់អាជីរកម្មជលយាន្តផ្អាកចរាចរ និងហាមបង្ហោះដ្រូន

86


ភ្នំពេញ ៖ ក្នុងឱកាសបុណ្យ​ឯក​រាជ្យ​​ជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងញ៉ាំងឲ្យពិធីនេះប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់អាជីរកម្មកំពង់ផែ ផែបណ្តែងទឹក ទូក ក្បូន កាណូតទេសចរណ៍ និងជលយាន្ត គ្រប់ប្រភេទ ផ្អាកការធ្វើចរាចរនៅតាមដងទន្លេសាប និងទន្លេចតុមុន ចាប់ពីមុខផ្សាររាត្រីដល់ព្រំប្រទល់ទីក្រុងកោះពេជ្រ នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង៥ទៀបភ្លឺ រហូតដល់ម៉ោង១២ថ្ងៃត្រង់។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានហាមការបង្ហោះដ្រូន នៅជុំវិញទីតាំងប្រារព្ធពិធី មុខព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមបណ្តោយផ្លូវសុធារស។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងក្រសួងព្រះបរមរាជវាំង នឹងរៀបចំមិទ្ធិញនៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់នានា នៃស្ថាប័ន ព្រឹទ្ធសភាព រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។

ចំណែក អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​បញ្ចេញ​ផែនការ​ការពារ​​សន្តិសុខ សណ្តាប់​​ធ្នាប់ បុណ្យ​ឯក​រាជ្យ​​ជាតិ​ ដែលឈានមកដល់រយៈពេល២ថ្ងៃទៅ​មុខ​ទៀត ។ កិច្ចប្រជុំ​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​លើ​ផែនការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ បុណ្យឯក​រាជ្យ​ជាតិ ថ្ងៃទី៩​វិច្ឆិកា​ខាងមុខ​នេះ ដឹកនាំ​ដោយ អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ។ អគ្គរង​ស្នងការ​នគរបាល​ជាតិ ស្នងការ​នគរបាល​ប្រចាំ​ខេត្ត និងរាជធានី​​ ដែល​ជាប់​ពាក់ព័ន្ធ និង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យអុំទូករវាង​ពីថ្ងៃទី២១​ដល់​២៣វិច្ឆិកា ​នៅ​ក្នុងទន្លេ​ចតុមុខ​រាជធានី​ភ្នំពេញ បានអញ្ជើញ​ចូលរួម​ដើម្បីស្តាប់ និងទទួលផែន​ការការពារសន្តិសុខ សណ្តាប់ធ្នាប់ ថ្ងៃបុណ្យឯករាជ្យជាតិនេះ ។ ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាថ្ងៃដែលរំលឹកខួប៦៥ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញ ពីប្រទេសបារាំង ដែល​ធ្វើអាណានិគមនិយមលើប្រទេសកម្ពុជា ។ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន បានមានប្រសាសន៍ប្រាប់ នាយកដ្ឋានជំនាញ ពាក់ព័ន្ធថា នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានអ្នកចូលរួមប្រមាណជាង ២ម៉ឺន ៦ពាន់នាក់ ដោយក្នុងនោះរួមមានកម្លាំងមហាជន និងកម្លាំងសមត្ថកិច្ចចម្រុះ និងមានពិធីព្យុះហយាត្រា ពីអង្គភាពពាក់ព័ន្ធនីមួយៗចូលរួមផងដែរ ។

យោងតាមមន្ត្រីរៀបចំកម្លាំងមហាជន និងកងកម្លាំង​ប្រដាប់អាវុធ​ដែលចូលរួម​នៅវិមាន​ឯករាជ្យ​នឹង​មាន​ចំនួន ១៣៩៥០​នាក់ និង​នៅមុខ​ព្រះបរម​រាជវាំង​មាន​ចំនួន ១២៣០០​នាក់ ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងក្នុងកិច្ចប្រជុំថា កិច្ចប្រជុំនេះ ផ្តោតទៅលើបញ្ហាប្រឈម និងសភាពការជាក់ស្តែង ដើម្បីរួមគ្នាដោះស្រាយ ហើយគោលបំណងធំតែមួយគត់ គឺធានាសុវត្ថិភាពឲ្យបាន១០០ភាគរយ។ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបញ្ជាក់​ថា នេះជាកិច្ចការដែលយើងត្រូវធានាចំពោះរាជរដ្ឋាភិបាល ដើម្បីការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់ និងសុវត្ថិភាពឲ្យបានទាំងស្រុង ។ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបញ្ជាក់បន្ថែមថា គោលដៅរបស់យើងត្រូវយកចិត្តទុកដាក់នៅជុំវិញវិមានឯករាជ្យ និងតាមដងផ្លូវ ។

លោកនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានថ្លែងប្រាប់អ្នកកាសែតថា ព្រះរាជពិធីបុណ្យេករាជ្យជាតិ ខួបលើកទី៦៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ គឺធ្វើខុសពីបណ្តាឆ្នាំមុនៗ គឺនឹងមានព្រឹត្តិការណ៍ធំពីរ៖ ពិធីថ្វាយទៀនជ័យ នៅវិមានឯករាជ្យ និងមិទ្ទិញមហាជន នៅមុខព្រះបរមរាជវាំង ។ លោក នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបន្តថា ក្នុងនាមគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ គឺចាំបាច់ការពារសុវត្ថិភាព​ឲ្យបាន​ នៅក្នុងពិធី​បុណ្យឯករាជ្យជាតិ ទាំងពិធីថ្វាយទៀនជ័យ ក៏ដូចជាពន្លត់ទៀនជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ។

លោកនាយឧត្តមសេនីយ៍ បន្តថា ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យជាតិ​ខួបលើក​ទី៦៥ ឆ្នាំ​នេះ គឺត្រូវយក​ចិត្តទុក​ដាក់បន្ថែម​ទៀត ចំនួន​បីចំណុច​គឺ ទី១.នៅវិ​មាន​ឯករាជ្យ ទី២.នៅព្រះបរម​រាជ​វាំង និងទី៣.នៅតាម​ដង​ផ្លូវ ។ នៅវិមាន​ឯករាជ្យ​នៅព្រឹ​កថ្ងៃ​ទី៩ វិច្ឆិកា មាន​ពិធីថ្វាយ​ទៀនជ័យ និង​ព្រះមហា​ក្សត្រ ស្តេចយាង​ត្រួតពល ដែលអម​ដំណើរ​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី មក​មិទ្ទិញ​មហាជន​នៅមុខ​ព្រះបរម​រាជ​វាំង ។ សម្តេច​តេជោ ហ៊ុន សែន នឹង​គ្រោងឡើង​ថ្លែងសន្ទរកថា​ផងដែរ​ក្នុង​ពិធីដ៏​មហោឡារឹក​នោះ ។ ចំណែកនៅ​វិមាន​ឯករាជ្យ គឺ សមត្ថកិច្ច​រៀបចំការពារ​សុវត្ថិភាព​តាំងពី​ថ្ងៃទី៨ ខែវិច្ឆិកា ព្រោះគេ​ត្រូវ​ដាក់កម្រង​ផ្កានៅ​វិមាន​ឯករាជ្យ និង​នៅព្រះបរម​រូប ។ ហើយនៅ​ព្រឹក​ថ្ងៃទី៩ វិច្ឆិកា ពេល​ដែលព្រះមហាក្សត្រថ្វាយ​ទៀន​ជ័យ ហើយ​ព្រះអង្គយាង​ទទួល​បដិសណ្ឋារកិច្ច​ពីឥស្សរជនជាន់​ខ្ពស់មួយ​ចំនួន ហើយព្រះ​អង្គនឹង​យាង​ត្រួតពលមួយ​ជុំវិមាន​ឯករាជ្យ ព្រះអង្គនឹង​យាងតាម​ព្រះទីនាំង​ជាមួយ សម្តេច​តេជោ ហ៊ុន សែន មកមុខ​ព្រះបរម​រាជវាំង ។

លោកនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់បន្ថែមថា នៅក្នុងពិធីមិទ្ទិញនោះដែរ ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ តាម​ផ្លូវ​ទឹក​ក៏នឹង​មានការ​យកចិត្ត​ទុកដាក់​ខ្លាំងក្លា​ផងដែរ ដោយ​មិនអនុញ្ញាត​អោយមានការ​ឆ្លងកាត់​នោះឡើយ​ចាប់​ពីម៉ោង​៥ភ្លឺ រហូត​ទៅដល់​ម៉ោង១២​ថ្ងៃត្រង់ ដើម្បី​ទុក​ឲ្យពិធី​មិទ្ទិញដំណើរ​ការបាន​ល្អមិនមាន​ការរំខាន ។ លោក នាយ​ឧត្តម​សេនីយ៍ ទូច ណារ៉ុថ បាន​អំពាវនាវ​សូមឲ្យ​ប្រជាពលរដ្ឋ​មានការ​យោគយល់​ចំពោះ​ការបិទ បើក​ផ្លូវ​របស់​សមត្ថកិច្ច​ផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង