ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងគោះទ្វាវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក

35

ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា , ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រាបជូនជាព័ត៌មាននូវគម្រោងគោះទ្វាវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួបសម្ដែងការគួរសមពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អំពីទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ក្នុងគោលដៅសម្រួលដល់វិនិយោគិនក្នុងការស្នើសុំគម្រោងវិនិយោគតាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនជាព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វាវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក ចូលមកវិនិយោគបន្ថែមលើក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ ២៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង