ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ និង WWF ឯកភាពពង្រឹងការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅតំបន់មេគង្គលើ និងភាគឦសាន

60

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងមូលនិធិពិភពលោកដើម្បីធម្មជាតិ (WWF) ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍កម្ពុជាប្រកបដោយគុណភាព និរន្តរភាព ភាពធន់ និងទទួលខុសត្រូវ ពិសេសគឺនៅតាមគោលដៅអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍តាមតំបន់ទន្លេមេគង្គលើ និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរីជាដើម។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី Bella Roscher ប្រធានអភិវឌ្ឍបណ្តាញសកលនៃអង្គការ WWF នៅទីស្តីការក្រសួងទេសចរ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

នា​ឱកាសនោះ លោករដ្ឋមន្រ្តីបានបង្ហាញពីចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពកម្រិតសកលលោក។ លោកបានបញ្ជាក់ថា ចក្ខុវិស័យក៏បានផ្តោតលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងទេសចរណ៍បៃតង (Green Tourism) ដោយកំណត់អាទិភាពលើការអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការប្រើប្រាស់ថាមពល តាមរយៈការជំរុញអេកូទេសចរណ៍ ទេសចរណ៍សហគមន៍ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។

លើសពីនេះទៀត ការសម្រេចបាននូវចក្ខុវិស័យនេះតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលអាចធ្វើឡើងទៅបានក្រោមយន្តការភាពជាដែគូរវាងស្ថាប័ន និងឯកជន តាមរយៈការចូលរួមជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីពេលថ្មីនេះ។

លោកស្រី Bella បានបង្ហាញពីចក្ខុវិស័យក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការចូលរួមចំណែករបស់អង្គការ WWF តាមរយៈ «គម្រោងការកសាងឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន និងមិនប៉ះពាល់អាកាសធាតុ» ក្នុងការជំរុញការស្តារវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើងវិញ (Build Back Better) បន្ទាប់ពីវិបត្តិកូវីដ-១៩។

លោកស្រីប្រធានបានបន្តថា គម្រោងនេះបានចាប់ផ្តើមអនុវត្តកាលពីឆ្នាំ២០២២ ដោយប្រើប្រាស់មូលនិធិទីភ្នាក់ងារអភិវឌ្ឍន៍ស្វីស ដែលបានជួយបណ្តុះបណ្តាល និងពង្រឹងការយល់ដឹងដល់សណ្ឋាគារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី (energy efficiency and saving) ដោយជំនួសមកវិញនូវការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។

លោកស្រី Bella បានបន្តទៀតថា «គម្រោងការកសាងឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយបរិយាបន្ន និងមិនប៉ះពាល់អាកាសធាតុ» ក៏បានជួយជំរុញគោលដៅអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅតំបន់មេគង្គលើ និងភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរីជាដើម។

ដោយយល់ឃើញពីចក្ខុវិស័យស្របគ្នា លោក សុខ សូកេន និងលោកស្រី Bella Roscher បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ក្នុងប្រទេសកម្ពុជាប្រកបដោយគុណភាព និរន្តរភាព ភាពធន់ និងទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង