នគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យឆក់ទូរស័ព្ទ នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ
ភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០៖១៥នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ, លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធិ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតបណ្តោផ្លូវវេងស្រេង មុខធនាគារ ABA ច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួន១គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរង់គ្រោះម្នាក់ឯង មិនបានសម្រេចដែលកំពុងជិះម៉ូតូសំដៅទៅផ្ទះ។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញនឹង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ថោង វ៉ាន់ដែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដទីកន្លែងស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរីឯជនសង្ស័យម្នាក់ទៀត ដែលជានាក់បើកម៉ូតូបានរត់គេចខ្លួនបាន។
សម្ភារដកហូតរួមមាន ម៉ូតូ០១គ្រឿង ម៉ាក BEAT ពណ៌ខៀវស ពាក់ផ្លាកលេខ ភ្នំពេញ1HP-4412។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នឹងនាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕