ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយ​បង្ក​ឱ្យ​ធ្លាក់​រថយន្ត​ដឹក​ដី​ស្លាប់តៃកុង ​សមត្ថកិច្ច​ឃាត់ខ្លួន​ថៅកែ​ក្រុមហ៊ុន​ធ្វើ​អា​ជី​កម្ម​ដី​ភ្នំ​លៀប​ និង​បញ្ឈប់​អាជីវកម្ម​

102


​បន្ទាយ​មាន​ជ័យ​ ៖​ ក្រោយ​សមត្ថកិច្ច​ចម្រុះ ​ចុះ​ត្រួតពិនិត្យ​នៅ​ចំណុច​អាជីវកម្ម​ដី​ភ្នំ​លៀប​ រក​ឃើញ​ថា​ ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​លៀប​ខុសច្បាប់​ បង្ក​ឱ្យ​ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង ​បណ្តាល​ឱ្យ​តៃកុង​រថយន្ត​ម្នាក់ ​ស្លាប់ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បាន​ឃាត់ខ្លួន​ថៅកែ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​លៀប​ ចាត់ការ​តាម​ផ្លូវច្បាប់ ​និង​បាន​បញ្ចប់​អាជីវកម្ម​ដី​ភ្នំ​លៀប ​នៅ​ខេត្តបន្ទាយមានជ័យ​ទាំងស្រុង​ ។​
ការ​ឃាត់ខ្លួន​ឈ្មួញ​និង​បិទ​អាជីវកម្ម​ដី​ភ្នំ​លៀប​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​ ទ្រ​យោង​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

​ជុំវិញ​បញ្ហា​នេះ​ អភិបាលស្រុក​ព្រះនេត្រព្រះ​ លោក​ ឃូ​ ពៅ​ បាន​បង្ហាញ​ ឱ្យ​ដឹង​ថា​ អាជីវកម្ម​ដី​ភ្នំ​លៀប​ក្រុមហ៊ុន​ បាន​សុំ​ច្បាប់​ដល់​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​រួច​ហើយ ​តាម​រយៈ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ ដែល​មាន​ម្ចាស់​ឈ្មោះ​ សឿ​ម​ សំបូ​ ធ្វើ​អាជីវកម្ម​ ដី​ភ្នំ​លៀប​លើ​ផ្ទៃដី​ ទំហំ​៦.១៨២​ ម៉ែត្រការ៉េ​ ក្នុង​ប្រតិបត្តិការ​រក្សា​ចម្ងាយ​សុវត្ថិភាព ​យ៉ាងតិច​ ២៥​ម៉ែត្រ ​ពី​មាត់​រណ្តៅ​ចាស់​ ដែល​មាន​ស្រាប់​ និង​៥​ម៉ែត្រ​ពី​មាត់​រណ្តៅ​ជុំវិញ​។​

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ លោក​ សុត​ វ​ឌ្ឍ​នា​ ប្រាប់​ឱ្យ​ដឹង​ថា​ គណៈកម្មការ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ កន្លែង​កើតហេតុ​ ក្រុមហ៊ុន​អាជីវកម្ម​ដី​ភ្នំ​លៀប​ ច្បាប់​បាន​អនុញ្ញាត​ ឱ្យ​ជីក​កាយ​ដី​ភ្នំ​បាត​ត​ក្រោម​ ដែល​មាន​រណ្តៅ​ចាស់​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​ឃើញ​ថា​ ក្រុមហ៊ុន​បាន​ទៅ​ជីក​កកាយ​នៅ​លើ​ភ្នំ​ ខុស​គោលដៅ​ច្បាប់​បាន​អនុញ្ញាត​។​ អាជីវកម្ម​ដី​ភ្នំ​លៀប​ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ បញ្ឈប់​អាជីវកម្ម​ទាំងស្រុង​ហើយ​ ​។​
​ ​
ពាក់ព័ន្ធ​នឹង​ឃាត់ខ្លួន​ម្ចាស​ក្រុមហ៊ុន​ថៅកែ​អាជីវកម្ម​ដី​ភ្នំ​លៀប​ លោក​ ឧត្តមសេនីយ៍ត្រី​ បោ​ន​ ប៉ិន​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រាប់​ឱ្យ​ដឹង​ថា​ ម្ចាស់​ថៅកែ​ធ្វ​អាជីវកម្ម​ដី​ភ្នំ​លៀប​នោះ ​បាន​ឃាត់ខ្លួន​ និង​ចាត់ការ​តាម​ផ្លូវច្បាប់​អនុញ្ញាត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ មាស​ ច័ន្ទ​ពិសិដ្ឋ​។​

​លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ​ប្រាប់​ទៀត​ថា​ ក្រុមហ៊ុន​អាជីវកម្ម​ដី​ភ្នំ​លៀប​ ដែល​បង្ក​ឱ្យ​ធ្លាក់​រថយន្ត​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ក្រុមហ៊ុន​ធ្វើ​អា​ជីវ​កម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ​។​ កន្លង​មក​សមត្ថកិច្ច​អាវុធហត្ថ​ មាន​តួនាទី​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ បាន​ទៅ​ធ្វើការ​ណែនាំ​អប់រំ​ ថៅកែ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​លៀប​ម្តង​រួច​មក​ហើយ​ តែ​មិន​រាងចាល​ បច្ចុប្បន្ន​ត្រូវ​ ចាត់ការ​តាម​ផ្លូវច្បាប់​។​

សូមបញ្ជាក់ថា ​រថយន្ត​ដឹក​ដី​១​គ្រឿងបានធ្លាក់ពីភ្នំ​លៀប ស្ថិត​ក្នុង​ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ​បណ្តាល​ឱ្យ​សង្កត់​ស្លាប់​អ្នកបើកបរ ខណៈ​ដែល​រថយន្ត​នោះ​បាន​បើក​ឡើង​លើ​ភ្នំ ​ដើម្បី​ឈប់​រង់​ចាំ​អេ​ស្កាវ៉ាទ័រ​កាយ​ដី​ដាក់​លើ​រថយន្ត​។​ ហេតុការណ៍​កើតឡើង​ កាល​ពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​ទ្រ​យោង​ ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

ការ​ធ្វើ​អា​ជ​វ​កម្ម​ដី​ភ្នំ​លៀប​ ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូ​លដ្ឋា​ន បាន​ប្រាប់​ថា​៖​ ​ក្រុមហ៊ុន​ជីក​ដី​ភ្នំ​លៀប ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ។​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​១​គ្រឿង​ ពាក់​ស្លាក​លេខ​បាត់ដំបង​ ៣A​ ១១០៧​ អ្នក​បើក​មាន​ ឈ្មោះ​ ឃិ​ញ​ ស៊ី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែល​បាន​ស៊ីឈ្នួល​ បើករថយន្ត​ឱ្យ​ថៅកែ​មានឈ្មោះ​យឿ​ន​ សំបូរ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ ភ្នំ​លៀប​ ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​។ ​រថយន្ត​ត្រូវ​បាន​បើកបរ​ទៅ​ដឹក​ដី​ជើង​ភ្នំ​ចំណុច​ខាងលើ ​ក្នុង​ស្ថានភាព​មាន​ឧបសគ្គ​ដោយ​ការ​កាយ​ដី​ភ្នំ​លក់​នៅ​ ចំណុច​នោះ​ខ្វះ​បច្ចេកទេស​និង​ការ​ត្រួត​ ពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នោះ​ទេ​។ ​លុះ​រថយន្ត​ឡើង​ដល់​គោលដៅ​ ដោយ​មិន​ពន្លត់​ម៉ាស៊ីន​នោះ​ទេ​ រង់ចាំ​ដាក់​ដី​ពី​អេ​ស្កាវ៉ាទ័រ​ ដែល​កំពុង​កាយ​ដី​ភ្នំ​នោះ​ ចំណែក​អ្នក​បើកបរ​ ចេញ​ឈរ​លើដំបូល​រថយន្ត​ភ្លាម​នោះ​ រថយន្ត​ក៏​រអិល​ធ្លាក់​ពី​​ភ្នំ​ក្នុង​កម្ពស់​ប្រហែល​ ៧០​ម៉ែត្រ​ ទាំង​រថយន្ត​និង​តៃកុង​ចូល​រណ្តៅ​ដី​មួយ​កន្លែង​ រថយន្ត​ធ្លាក់​សង្កត់​តៃកុង​ បណ្តាល​ឱ្យ​ស្លាប់​ រីឯ​រថយន្ត​វិញ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

សម​ត្ថិ​ច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ ក្រោយ​ពី​កើតហេតុ​នោះ​ភ្លាម​ គេ​ឃើញ​អាជ្ញាធរ​ដែនដី​ និង​សមត្ថកិច្ច​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​កើតហេតុ​និង​បាន​ស្ទូច​រថយន្ត​ រួម​ទាំង​សាក​ សព​ជន​រង​គ្រោះ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូម​បញ្ជាក់​ថា ​ភ្នំ​លៀប​បាន​រង​ការ​ជីក​កកាយ​ដី ​ធ្វើ​អាជីវកម្ម​យក​ដី​លក់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ ពី​សំណាក់​ក្រុម​ខ្មូត​ជា​ឈ្មួញ​កាយ​ដី​ភ្នំ​លក់​ ជា​យូរ​ឆ្នាំ​មក​ហើយ​ បាន​បង្ក​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​និង​ប៉ះ​ ពាល់​រំខាន​ ដល់​ការ​រៀន​ សូត្រ​របស់​សិស្ស​នៅ​ក្នុង​សាលា​បឋម​សិក្សា​ភ្នំ​លៀប​ ដី​ហ៊ុយ​ និង​រំខាន​ដោយ​សម្លេង​រថយន្ត​ ។​ កន្លង​មក​មាន​ប្រតិកម្ម​ពី​សិស្ស​និង​លោក​គ្រូ​អ្នកគ្រូ​រួម​និង​ ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​នេះ​ផង​ដែរ ​ប៉ុន្តែ​ប្រតិកម្ម​នោះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ​៕
​ ​

អត្ថបទដែលជាប់ទាក់ទង