ប្រធាន គ.ជ.ប ចុះពិនិត្យការរៀបចំការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែន ខេត្តកណ្ដាល
កណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មួយថ្ងៃមុនថ្ងៃបោះឆ្នោតលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដំណើរដោយថ្នាក់ដឹកនាំ គ.ជ.ប បានចុះត្រួតពិនិត្យ ការិយាល័យបោះឆ្នោត លេខ ៣០០១ និង៣០០២ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ ប្រធាន គ.ជ.ប បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសបានត្រៀមរូចរាល់ ដើម្បីបម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ។
លោក ប្រាជ្ញ ចន្ទ បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាស សន្តិសុខ សុវត្តិភាព និងមានរបៀបរៀបរយល្អ។
យោងតាមបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខេត្តកណ្តាលមានការិយាល័យបោះឆ្នោតចំនួន ២ និងមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោតចំនួន ៩២៦រូប។ ដោយឡែកនៅទូទាំងប្រទេសមានការិយាល័យបោះឆ្នោតមាន ចំនួន ៣៣ ការិយាល័យ ហើយមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោត សរុបចំនួន ១១,៧៤៧រូប។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះដែរ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប ក៏បានចេញសេចក្តីអំពាវនាវ ស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។ ក្នុងសេចក្តីអំពាវនាវនេះ គ.ជ.ប បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល។ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។
សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២រូប ក្នុងនោះ៖
*សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ
*សមាជិកព្រឹទ្ធសភា ចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប
*សមាជិកព្រឹទ្ធសភា ចំនួន ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖
*ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ
*ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ
*ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ
*ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ
*ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ
*ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ
*ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ
*ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ៕