ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង ៨ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ

75

 

ភ្នំពេញ ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង ៨ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។

អ្នកបោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង មានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៃការិយាល័យបោះឆ្នោតនោះ ដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែល មានសុពលភាព ឬលិខិតសម្គាល់ខ្លួនជាតំណាងរាស្ត្រក្នុងតំណែង ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង។

ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែ មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុង ការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធាន គណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួន នៅមុនម៉ោង ៣:០០ រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។

ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៨ អ្នកបោះឆ្នោត មានចំនួនសរុប ១១.៧៤៧ នាក់ ក្នុងនោះតំណាងរាស្ត្រក្នុងតំណែង មានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង មានចំនួន ១១.៦២២ នាក់។

សូមជម្រាបជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលើកកិច្ចប្រជុំ ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:០០ ល្ងាចថ្ងៃនេះ បន្ទាប់មក នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ៕

 

អត្ថបទដែលជាប់ទាក់ទង