ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករ ដែលមានដីស្រែចម្ការតិចតួច

135

សៀមរាប៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើឲ្យត្រូវលើកកម្ពស់ គោលនយោបាយប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករ ដែលមានដីស្រែចម្ការតិចតួច ប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះឱ្យអស់លទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។

នៅសណ្ឋាគារ អប្សារាផាលេសអង្គរ ទីក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង ក្នុងពិធីបើកវេទិកាថ្នាក់តំបន់ស្តីពី “កសិកម្មអេកូឡូស៊ីនាពេលអនាគត” ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការយ៉ាងល្អប្រសើរជាមួយមជ្ឈមណ្ឌល CIRAD និងអង្គការ GRET។

ក្នុងឱកាសនោះលោក រដ្ឋមន្រ្តីបានបញ្ជាក់ថា ការរៀបចំវេទិកានេះគឺជាព្រឹត្តិការណ៍មួយដ៏វិសេសវិសាល ដែលរៀបចំឡើង ស្របពេលដែលកំណើនសេដ្ឋកិច្ច ព្រមទាំងទំនើបកម្ម និងនវានុវត្តសង្គមក្នុងតំបន់កំពុងតែមានលក្ខណៈប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរ ហើយក៏ជាសក្ខីកម្មមួយដែលយើងរំពឹងថា នឹងផ្តល់នូវលទ្ធផលល្អនាពេលខាងមុខ សម្រាប់បណ្តាប្រទេសក្នុងតំបន់ដើម្បីផ្សារភ្ជាប់ ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបដោយសុវត្ថិភាព ភាតរបរិស្ថាន និងភាពរីកចម្រើនរបស់ប្រជាជនយើងទាំងអស់គ្នានៅក្នុងតំបន់នេះ។

សូមបញ្ជាក់ថា ផ្សារភ្ជាប់ទៅនឹងវេទិកាក្នុងថ្ងៃនេះ គឺមានសម្ព័ន្ធភាពសិក្សាកសិកម្មអេកូឡូស៊ី (ALiSEA) ត្រូវបានបង្កើតឡើងជាបណ្តាញរួមគ្នាជាង១០០ស្ថាប័ន ដោយមានការចូលរួមពីអង្គការកសិកររហូតដល់ថ្នាក់ជាតិ និងថ្នាក់តំបន់ រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវនិងវិស័យឯកជន។ លើសពីនេះទៀតសម្ព័ន្ធភាពសិក្សាកសិកម្មអេកូឡូស៊ី មានគោលបំណងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធផ្នែកកសិកម្មអេកូឡូស៊ីទាំងក្នុងស្រុក និងក្នុងតំបន់ ពិសេសលើកកម្ពស់ជំនាញដល់អ្នកដទៃ ដើម្បីបង្កើតការសិក្សាផ្អែកលើភ័ស្តុតាង ហើយចែករំលែកយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរក្នុងតំបន់ឆ្ពោះទៅរកការធ្វើកសិកម្មតាមប្រព័ន្ធអេកូឡូស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការម្ហូបអាហារនាពេលអនាគត ដែលចាំបាច់ត្រូវមានការផ្លាស់ប្តូរការងារកសិកម្ម ដើម្បីផ្តល់សន្តិសុខនិងសុវត្ថិភាពស្បៀង ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងផ្តល់នូវឱកាសកាន់តែច្រើនសម្រាប់កសិករខ្នាតតូច និងយុវជន។ ការសម្រេចគោលដៅទាំងនេះ នឹងទាមទារឱ្យមានការរៀបចំ និងការលើកកម្ពស់ប្រព័ន្ធកសិកម្មដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីស្វែងរកវិធីសាស្រ្តអន្តរាគមន៍ថ្មីៗ ក៏ដូចជាយន្តការ ស្ថាប័ន និងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងវៃឆ្លាត។

យោងតាមរបាយការណ៍កន្លងមកបានបញ្ជាក់ឲ្យដឹងថា សកម្មភាពកសិកម្មអេកូឡូស៊ី បាននិងកំពុងអនុវត្តនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។ ការងារនេះ ត្រូវបានផ្តួចផ្តើមពីអ្នកពាក់ព័ន្ធផ្សេងៗក្នុងផ្នែកកសិកម្មអេកូឡូស៊ី ហើយត្រូវបានលើកកម្ពស់ពីកសិករខ្នាតតូច ទៅដល់អ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍន៍ និងអ្នកអនុវត្ត ដោយមានការគាំទ្រពីវិស័យឯកជន និងសង្គមស៊ីវិល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធផលនានា បានគ្របដណ្ដប់លើវិធានការផ្សេងៗគ្នានៃការផ្លាស់ប្តូរកសិកម្មអេកូឡូស៊ីដូចជា ការយល់ដឹងអំពីដំណើរការអេកូឡូស៊ីនៅក្នុងដី និងការគ្រប់គ្រងសត្វល្អិត ការរៀបចំ និងការវាយតម្លៃអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងប្រព័ន្ធដំណាំរួមផ្សំ រួមមាន កសិកម្ម ព្រៃឈើ ជលផល សមាហរណកម្មបសុសត្វ កសិកម្មអភិរក្ស គ្រឿងយន្តកសិកម្មសមស្រប ព្រមទាំងការកសាងសមត្ថភាពកសិករ ការអប់រំថ្នាក់ឧត្តមសិក្សា ការអភិវឌ្ឍសម្ភារគរុកោសល្យ ការលើកកម្ពស់ការប្រើប្រាស់ភាពចម្រុះនៃរុក្ខជាតិ ការគាំទ្រវិញ្ញាបនប័ត្រនៃផលិតផលកសិកម្មអេកូឡូស៊ី ការអនុវត្តឧបករណ៍ និងទំនាក់ទំនង ដើម្បីចែករំលែកចំណេះដឹង និងចំណេះធ្វើជាដើម។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍន៍សកម្មភាពកសិកម្មអេកូឡូស៊ី នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវមានការតម្រង់ទិសការដោះស្រាយលើបញ្ហាលើការរេចរឹលដី ការបាត់បង់ជីជាតិដី និងការគ្រប់គ្រងទឹក។ ជាមួយគ្នានេះដែរ ក៏ត្រូវមានការខិតខំធ្វើការរួមគ្នាដើម្បីរកមធ្យោបាយ រក្សាដីឱ្យមានជីជាតិ និងការពារកុំឱ្យមានសំណឹកដី។

ក្នុងគោលបំណង ដើម្បីចូលរួមជំរុញការងារ “កសិកម្មអេកូឡូស៊ីនាពេលអនាគត” ដែលជាប្រធានបទសំខាន់ក្នុងវេទិកានាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមផ្តល់នូវសារគន្លឹះមួយចំនួនជូនអង្គពិធីទាំងមូលដើម្បីពិចារណាដូចតទៅ ៖
ទី១. ជំរុញការអនុវត្តកសិកម្មល្អប្រកបដោយចីរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន ដោយត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ស្របតាមវិធានការ និងគោលការណ៍របស់ប្រទេសនីមួយៗ និងគោលការណ៍រួមរបស់អាស៊ាន ធានាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ពីប្រទេសមួយទៅប្រទេសមួយ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយឱ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។
ទី២. ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី ដោយត្រូវបន្តសហការគ្នា រៀបចំកំណត់តំបន់ដីកសិកម្មឱ្យបានសមស្របសម្រាប់ទិសដៅប្រើប្រាស់យូរអង្វែង និងត្រូវអនុវត្តគោលការណ៍ពាក់ព័ន្ធដើម្បីឈានដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលកើតចេញពីវិធានការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រមូលផ្តុំនៅក្នុងប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ី និងការអភិវឌ្ឍផ្អែកលើមូលដ្ឋានជីវៈចម្រុះ។

ទី៣. គ្រប់បណ្តាប្រទេស និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អដើម្បីចូលរួមការពារ ស្តារនិងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬសកម្មភាពដែលបង្កឱ្យមានរហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅដោយពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្មតាមទម្លាប់ មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើប ចម្រុះ ទាន់សម័យ និងសមស្រប ហើយចូលរួមគ្រប់គ្រងដីឱ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ពោលគឺត្រូវរក្សា ស្តារ ឬកែប្រែទឹក និងដី ឱ្យមានភាពបៃតងស្រស់ មានភាពមនោរម្យយូរអង្វែងសម្រាប់ជីវិតរបស់យើងគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង