បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀនចាប់ខ្លួនជនបរទេស៣នាក់ រឹបអូសគ្រឿងញៀនជាង១៦គីឡូក្រាម និងសារធាតុគីមីផ្សំជាង៥គីឡូក្រាម
រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនជនបរទេសចំនួន៣នាក់ និងរឹបអូសគ្រឿងញៀនជាង១៦គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១៖៤០នាទី កម្លាំងជំនាញ (ក៣) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀន នៅ២គោលដៅផ្សេងជាបន្តបន្ទាប់៖
គោលដៅទី១៖ នៅខាងមុខហាងស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២៖ នៅក្នុងខុនដូ PALMHOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់៖ ១៖ ឈ្មោះ អ៊ូ ចុងវ័យ (WU ZONG WEI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ២០០០, ២៖ ឈ្មោះ លីន អ៊ីងគ័ង (LIN YING KUAN) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ១៩៩៣, ៣៖ ឈ្មោះ ង សឹកខៃ (ZHUANG SHI KAI) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កើត ២០០៣ ចាប់យកវត្ថុតាង សារធាតុញៀនអ៊ិចស្តាស៊ី(MDMA) ១៦គីឡូ១៣៦.១២ក្រាម, សារធាតុញៀនកេតាមីន(Ketamine) ៣៦០ ក្រាម, សារធាតុញៀនអ៊ិនីមេតាហ្សេប៉ាម ១.៩៨ក្រាម, សរុបសារធាតុញៀន ទម្ងន់ ១៦គីឡូ៤៩៨,១០ក្រាម, សារធាតុមិនច្បាស់ ទម្ងន់ ៥គីឡូ៦២២ក្រាម។ ចាប់យកសម្ភារៈ ទូរស័ព្ទដៃ ០៤គ្រឿង និងជញ្ជីងថ្លឹង ៣គ្រឿង។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕