ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន
ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ដោយការគិតគូរខ្ពស់ ជាមួយទឹកចិត្តខ្វាយខ្វល់ និងព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះព្រះរាជសុខភាពព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំចិត្តបានរៀបចំក្រុមគ្រូពេទ្យជំនាញថ្វាយការពិនិត្យព្រះរាជសុខភាព ថ្វាយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាងទៀងទាត់បំផុត គឺពីរដងក្នុងមួយឆ្នាំ។ ការថ្វាយការពិនិត្យព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានធ្វើតាំងពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅមានព្រះជន្ម ហើយក៏បានធ្វើរហូតដល់ពេលបច្ចុប្បន្ន។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ តែងសព្វព្រះរាជហឫទ័យស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មួយលើកនៅដើមឆ្នាំ និងមួយលើកទៀតនៅចុងឆ្នាំ។ កំលុងគង់ប្រថាប់ក្នុងព្រះរាជដំណាក់ដ៏ល្អវិចិត្ររៀបចំថ្វាយដោយថ្នាក់ដឹកនាំចិននោះ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទទួលបានការរៀបចំថ្វាយនូវការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពនេះ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ សព្វព្រះរាជហឫទ័យគង់ប្រថាប់រង្វង់ពីមួយខែ ឬពីរខែជាដើម។
កំលុងពេលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកបំពេញថ្វាយព្រះអង្គ៕