ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ហុងជៀក ៖កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមអត្តពលិក រួមទាំងសមាជិកសហព័ន្ធទាំងអស់ខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យកីឡាហាប់គីដូ

67

 

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហាប់គីដូបានប្រគល់ជូនលិខិតបញ្ជាក់ វិញ្ញាបនបត្រ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅ សរុបចំនួន២៣នាក់ កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីកីឡាករ-កីឡាការិនីបានឆ្លងកាត់ការខិតខំហ្វឹកហាត់ រយៈពេល ៦ខែ និង១ឆ្នាំ។

លោក គួច ហុងជៀក អនុប្រធានតំណាងឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែកីឡាហាប់គីដូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ-កីឡាការិនី រួមទាំងសមាជិកសហព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យកីឡាហាប់គីដូរយៈពេលខ្លី ប៉ុន្តែយើងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ដូច្នេះតាមរយៈការប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ-កីឡាការិនី គឺជាស្មារតីមួយ មិនមែនហ្វឹកហាត់ ដើម្បីប្រកួតយកឈ្នះចាញ់ជាមួយអ្នកណាម្នាក់ឡើយ។
លោកអនុប្រធានបានបន្តថា កីឡាករ-កីឡាការិនីត្រូវមានស្មារតីកីឡានៃការហ្វឹកហាត់ដើម្បីសុខភាពខ្លួនឯង ដើម្បីឲ្យមានសមាធិផ្លូវចិត្ត ដោយកាលណា យើងមានសមាធិផ្លូវចិត្ត គឺចេះអត់ធ្មត់ជាងអ្នកដទៃ ដែលជាមិនមែនជាអ្នកកីឡា។ ដូច្នេះស្មារតីកីឡានេះហើយធ្វើឲ្យមានចិត្តអំណត់ មិនបែកអារម្មណ៍ទៅណាផ្សេងនោះហើយ ហៅថា សមាធិ ហើយបង្កើតបានទៅជាបញ្ញា ដើម្បីគោលដៅជីវិតខ្លួនឯងឲ្យកាន់តែល្អប្រសើរ»។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានឲ្យដឹងថា យោងតាមការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការនី ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាហាប់គីដូអស់រយៈពេលប្រាំមួយខែ និងរយៈពេលមួយឆ្នាំមក បានបញ្ចប់វគ្គតាមកម្រិតនីមួយៗ ដោយជោគជ័យ។ កីឡាករ កីឡាការនី ដែលបានឆ្លងកាត់ការហ្វឹកហាត់អស់រយៈពេលប្រាំមួយខែបានបញ្ចប់កម្រិតលិខិតបញ្ជាក់។ រីឯកីឡាករ កីឡាការនី ដែលបានឆ្លងការហ្វឹកហាត់រយៈពេលមួយឆ្នាំបានបញ្ចប់កម្រិតវិញ្ញាបនបត្រ។

វគ្គបច្ចេកទេសកីឡាហាប់គីដូ កម្រិតលិខិតបញ្ជាក់ និងកម្រិតវិញ្ញបនបត្រ រួមមានក្បាច់ និងស្នៀតដូចជា៖ ក្បាច់ដាល់ ២៦ស្នៀត, ក្បាច់ទាត់ ២៩ ស្នៀត, ក្បាច់កាច់ ២៨ស្នៀត, ក្បាច់រង ១៦ស្នៀត, ក្បាច់ដួល ៦ស្នៀត សរុប ១០៥ស្នៀត។ ចំពោះកម្រិតវិញ្ញាបត្រ រួមមាន ក្បាច់ដាល់ ៣៣ ស្នៀត, ក្បាច់ទាត់ ៤៣ស្នៀត, ក្បាច់កាច់ ៦៣ស្នៀត, ក្បាច់រង ១៦ ស្នៀត និងក្បាច់ដួល មាន១២ ស្នៀត សរុប មានចំនួន ១៦៧ ស្នៀត។

លិខិតបញ្ជាក់បានប្រគល់ជូនដល់កីឡាករ កីឡាការិនី ៩នាក់ (កីឡាករ ៤នាក់ និងកីឡាការិនី ៥នាក់) វិញ្ញាបនបត្របានប្រគល់ជូន៥នាក់ (កីឡាករ ៣នាក់ និងកីឡាការិនី ២នាក់)។ ចំពោះសញ្ញាបត្រខ្សែក្រវាត់ខ្មៅ ដែលបានប្រគល់ជូនដល់សិស្សគុន៩នាក់ មានខ្សែក្រវាត់ខ្មៅ១ជាន់ ៤នាក់, ខ្សែក្រវាត់ខ្មៅ ២ជាន់ ៤នាក់, ខ្សែក្រវាត់ខ្មៅ ៣ជាន់ម្នាក់ (ខ្សែក្រវាត់ខ្មៅជាកីឡាករទាំងអស់)។

លោក គង់ ចាន់ធីណា បញ្ជាក់បន្ថែមថា ចំពោះកម្រិតខ្សែក្រវាត់ខ្មៅ គឺត្រូវហ្វឹកហាត់រយៈពេល ២ឆ្នាំ សម្រាប់ការឡើងខ្សែខ្មៅ១ជាន់, ខ្សែក្រវាត់២ជាន់ត្រូវហាត់៣ឆ្នាំ, ខ្សែក្រវាត់ខ្មៅ៣ជាន់ត្រូវមកហាត់ និងបង្ហាត់រយៈពេល៤ឆ្នាំ នេះជាគោលការណ៍បច្ចេកទេស ក្នុងការផ្តល់ជូនកម្រិតខ្សែក្រវាត់របស់សហព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង