ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ បើករថយន្ត LUMBORGHINI បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ ត្រូវតុលាការឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)

86

 

ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។

បើតាមដីកាបង្គាប់ឲ្យឃុំខ្លួនចេញដោយលោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ , បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៩២៤ អ.យ.ញ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានបើកការស៊ើបសួរលើជនត្រូវចោទឈ្មោះ FU ZHONG HUA (ហ្វូ ចុងហ័រ) ភេទប្រុស កើតឆ្នាំ១៩៨៦ អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនចិនលេខ EA9519361 កាន់លិខិតឆ្លងដែនខ្មែរលេខ N01943888 មុខរបរអ្នករកស៊ី ទឹកន្លែងកំណើតនៅខេត្តអ៊ូប៉ី ប្រទេសចិន អាសយដ្ឋានមុនពេលឃាត់ខ្លួនស្នាក់នៅ បុរីជីបម៉ុងផ្ទះលេខ៤៦ ផ្លូវលេខ១ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវឃាត់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ជននេះត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ (បើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល០.៨៦mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុចខ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបទរត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ។

លោកចៅក្រមបង្គាប់៖ ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ FU ZHONG HUA (ហ្វូ ចុងហ័រ) ភេទប្រុស កើតឆ្នាំ១៩៨៦ អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ ទៅពន្ធនាគារ រាជធានីភ្នំពេញ (PJ) ដោយអនុវត្តឲ្យត្រឹមត្រូវតាមច្បាប់ ។
ឲ្យប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ ។ ឱ្យគ្រប់ភ្នាក់ងារកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ ។

សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លាប់។ មូលហេតុគ្រោះថ្នាក់នេះគឺអ្នកបើកបររថយន្ត បើកបរលឿន និងបើកក្នុងស្ថានភាពមានជាតិអាល់កុល ០.៨៦ mg/L និងបើករត់គេចពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំម្ចាស់រថយន្តបង្កឈ្មោះ FU ZHONGHUA ភេទប្រុស ជនជាតិចិន និងរថយន្តយកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង