ជនសង្ស័យជំនាញខាងឆក់ទូរស័ព្ទ- ខ្សែក និងកាប់គ្នានាពេលរាត្រី នៅក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ដែលតែងតែធ្វើសកមម្មភាពលួចឆក់ និង ចូលចិត្តកាប់គ្នាពេលរាត្រី ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ខណៈពួកជនសង្ស័យទាំងនេះជិះម៉ូតូដឹកគ្នាចេញធ្វើសកម្មភាពឆក់ទូរស័ព្ទ និងខ្សែកពលរដ្ឋតាមដងផ្លូវសាធារណ: ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ហោះ ។
ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌដឹកនាំកម្លាំងនគរបាលជាច្រើននាក់ស្រាវជ្រាវ និងបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ និងបក្ខពួកបានសម្រេច ។
ជនសង្ស័យមានឈ្មោះ ១-ជនសង្ស័យឈ្មោះ ថោង ហាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកជិះពីក្រោយឆក់ទូរស័ព្ទ) ។ ២-ជនសង្ស័យឈ្មោះ សុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ (សុងបាយ) ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(អ្នកបើកម៉ូតូ) និងដកហូតបានវត្ថុតាងព្រមទាំងម៉ូតូចំនួន០១គ្រឿង ម៉ាក់ HONDA DREAM សេរីឆ្នាំ២០១៧ គ្មានស្លាកលេខ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 9825705 នៅចំណុចមុខសាលារៀនព្រហ្មនិមិ្មត ស្ថិតក្នុងក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេទៅពិតជាបានចេញធ្វើសកម្មភាពជិះម៉ូតូទៅឆក់ការបូបលុយ ទូរស័ព្ទ គ្រឿងអលង្កការ វត្ថុមានតម្លៃពីប្រជាពលរដ្ឋពិតប្រាកដមែន កាលពីថ្ងៃទី២៤,២៥,២៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ។
ភាគច្រើនគេជិះម៉ូតូឌុបគ្នា ប្រដាប់ដោយកាំបិតខ្វែវ ចេញឆក់នៅម្តុំលើផ្លូវ មុខភោជនីយដ្ឋាននាគទិព្វ ,ផ្លូវKTV Fplus,ផ្លូវដើមពុទ្ទ្រា, ផ្លូវវត្តត្រាច, ផ្លូវ,ផ្លូវជិតហាងនំប៉័ង កៅ កៃ, ផ្លូវផ្សាររ៉ាចាស់ និងលើផ្លូវជាតិលេខ៥ ។ ក្រៅពីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បើមានជនណារារាំងពួកជនសង្ស័យតែងតែប្រើហិង្សា ឬយកកាំបិតដេញកាប់ដោយគ្មានញញើតដៃឡើយ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ គឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន រួមមាន៖
១-ជនសង្ស័យឈ្មោះថោង ហាំង ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់ពន្ធនាគា ចំនួន១ឆ្នាំកន្លះ ទោសសរុប៣ឆ្នាំ ពីករណីឆក់ទូរស័ព្ទ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។
២-ជនសង្ស័យឈ្មោះសុង រាជ ភេទប្រុស អាយុ១៦ឆ្នាំ ធ្លាប់ជាប់មណ្ឌលចំនួន ១ឆ្នាំ ២ខែ ម្តាយយកទៅដាក់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕