ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសញ្ជាក់អំពីភាពចម្រើនទៅមុខ ប្រកបដោយប្រសិទ្ធភាព នៃការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

31

 

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានរៀបចំ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់ គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយ សម្រាប់ការអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដែលជាផ្នែកមួយដ៏សំខាន់នៃការរួមចំណែកឱ្យសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ។

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានទាញការកត់សម្គាល់អំពីលទ្ធផលការងារសំខាន់ដែលក្រសួងសម្រេចបាន ទាំងនៅក្នុងកំឡុងចុងនីតិកាលទី៦ និងដើមនីតិកាលទី៧ នៃឆ្នាំ២០២៣។

ថ្លែងទៅកាន់អង្គសន្និបាតនាឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជា បើកឱ្យដំណើរការពេញលេញលើគ្រប់វិស័យ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងជាឆ្នាំដែលកម្ពុជារៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២។

ក្នុងឆ្នាំដ៏មានសារសំខាន់នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានចូលរួមពីភាគីពាក់ព័ន្ធ បានដឹកនាំ បញ្ជា និងសម្របសម្រួលរៀបចំចាត់ចែងកិច្ចការនានាយ៉ាងសកម្ម ធ្វើឱ្យប្រព្រឹត្តិការណ៍ទាំងនោះបានប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានកត់សម្គាល់ដែរថា បើទោះបីស្ថិតក្រោមឥទ្ធិពល នៃហេតុការណ៍អសន្តិសុខជាសកលយ៉ាងណាក្តី ក៏ប៉ុន្តែនៅឆ្នាំ២០២៣កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ថែរក្សាការពារបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងប្រក្រតីកម្មគ្រប់ស្ថាប័នរដ្ឋ។

ក្រៅពីនេះ ឯកឧត្តមក៏បានកត់សម្គាល់លើការងារសំខាន់មួយចំនួនទៀតដូចជា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាពក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់កិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យនិងការសង្គ្រោះជនរងគ្រោះ ត្រូវបានពង្រឹងការអនុវត្តជាប់ជាប្រចាំ ដែលធានាបាននូវប្រក្រតីភាពសង្គមគ្រប់វិស័យ។

ចំណែក ការងារអត្តសញ្ញាណកម្ម ដែលមានចរិតលក្ខណៈជាការគ្រប់គ្រងអត្តសញ្ញាណបុគ្គលផង និងជាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋផង ក៏ត្រូវបានពង្រឹង និងកែលម្អការអនុវត្តជា បណ្តើរៗ ទាំងក្នុងក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាជន ឆ្ពោះទៅសម្រេចគោលដៅ បុគ្គលម្នាក់ មានអត្តសញ្ញាណតែមួយ និង មនុស្សទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិនិងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។
សម្រាប់ការងារអន្តោប្រវេសន៍ ក៏ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទាំងការគ្រប់គ្រងដំណើរចេញ-ចូលប្រទេស និងការស្នាក់នៅរបស់ជនបរទេស ដោយធានាបានយ៉ាងគត់មត់នូវអធិបតេយ្យជាតិ ទប់ស្កាត់មិនឱ្យកើតមានអំពើភេរវកម្មនៅកម្ពុជា ទប់ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ពីការជ្រៀតចូលស្នាក់នៅដោយខុសច្បាប់របស់ជនបរទេសអន្តោប្រវេសន្ត ដែលកិច្ចការទាំងនេះ បានឆ្លើយតបជាវិជ្ជមានចំពោះនយោបាយទេសចរណ៍ជាតិ ការវិនិយោគ ពាណិជ្ជកម្មវិស័យការងារ និងវិស័យផ្សេងៗ ទៀត។
ចំពោះការងារគ្រប់គ្រងច្រកទ្វារព្រំដែន ក្រសួងមហាផ្ទៃ បានសហការជាមួយអាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដឹកនាំគ្រប់គ្រងសម្របសម្រួល និងត្រួតពិនិត្យគ្រប់សកម្មភាពចេញ-ចូលឆ្លងកាត់ព្រំដែន ដោយធានាបាននូវប្រក្រតីភាព និងសុវត្ថិភាព នៃការធ្វើដំណើរចេញ-ចូល ការទំនាក់ទំនងពាណិជ្ជកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសញ្ជាក់អំពីភាពចម្រើនទៅមុខប្រកបដោយប្រសិទ្ធភាពនៃការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការងារពង្រឹងស្ថាប័ន និងធនធានមនុស្ស ស្របតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងសមិទ្ធផលអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដែលជាមរតកដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងការងារសំខាន់ផ្សេងៗទៀត។
រាជរដ្ឋាភិបាលនៅនីតិកាលទី៧ នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតទៅលើវិស័យ ជាអាទិភាព ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដាំផ្ញើឱ្យអង្គសន្និបាត ផ្ដោតការយកចិត្តទុកដាក់ គឺការពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីកំណត់វិធានការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលបានជួបប្រទះកន្លងមក ព្រមទាំងធ្វើការពិនិត្យ ពិភាក្សាលើតម្រូវការ ចាំបាច់នានា ដែលធានាដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម” ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរកត់សម្គាល់ថាសន្និបាតក្រសួងមហាផ្ទៃ នឹងបន្តប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីបិទសន្និបាតនឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

   

អត្ថបទដែលជាប់ទាក់ទង