អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទ ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ ប្រមាណ៧.៦៩៣,៥០ ប៊ីលានរៀល
ភ្នំពេញ៖អគ្គនាយកពន្ធដារ បានបង្ហាញថា ក្នុងខែតុលាឆ្នាំ២០១៨ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ មានចំនួន ៧២៨,៤៨ប៊ីលានរៀល ស្នើប្រមាណ ១៨២,១២លានដុល្លារ ស្នើនឹង៩,៤៧ភាគរយនៃផែនការច្បាប់ ប្រសិនបើធៀបនឹងចំណូលខែតុលាឆ្នាំ២០១៧ ឃើញថាការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទក្នុងខែកញ្ញាឆ្នាំ២០១៨ កើនឡើងចំនួន១៧៤,៦៨ប៊ីលានរៀល ស្នើប្រមាណ ៤៣,៦៧លានដុល្លារ ស្នើនឹង៣១,៥៤ភាគរយ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីលទ្ធផលនៃកិច្ចប្រជុំប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៨ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ បានបង្ហាញថា នៅរយៈពេល១០ខែ ឆ្នាំ២០១៨នេះ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលបានសរុបចំនួន៧.៤៩៤,៨៥ ប៊ីលានរៀល ស្មើប្រមាណ១.៨៧៣,៧១លានដុល្លារអាមេរិក ស្នើនឹង៩៧,៤២ភាគរយ នៃផែនការ។ ប្រសិនបើប្រៀបធៀបនឹងឆ្នាំ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធអាករ គ្រប់ប្រភេទសម្រាប់រយៈពេល១០ខែឆ្នាំ២០១៨ មានការកើនឡើង ១.១៨៨.៨៤ប៊ីលានរៀល ប្រមាណជា២៩៦,៩៨លានដុល្លារ ស្នើនឹង១៨,៨៣ភាគរយ។ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។
កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៨ ធ្វើឡើងក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារ ពាក់ព័ន្ធទាំងអស់ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។
ថ្លែងក្នុងឱកាសនោះ លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយ ជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។ សម្រាប់ឆ្នាំ២០១៨នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ចំនួន ៧.៦៩៣,៥០ ប៊ីលានរៀល (ប្រមាណជា ១.៩២៣,៣៨ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដើម្បីប្រមូលពន្ធអាករឲ្យគ្រប់ចំនួនតាមផែនការច្បាប់៕