គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្ត
ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព របស់គម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក ដើម្បីសុំការអនុម័តផ្តល់គោលការណ៍វិនិយោគ និងបន្តជំរុញការអភិវឌ្ឍ។
អង្គប្រជុំបានពិភាក្សាលើការវិភាគ សេដ្ឋកិច្ច សង្គម ព្រមទាំងបានកំណត់វិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផល ធ្វើយ៉ាងណាទាញប្រយោជន៍ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត។ ក្នុងកិច្ចប្រជុំនេះ គម្រោងវិនិយោគទាំង២ ទទួលបានការសាទរ និងការវាយតម្លៃថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រទេសកម្ពុជា និយាយជារួម និងដោយឡែក។
ជាលទ្ធផល, អង្គប្រជុំ បានសម្រេចផ្តល់គោលការណ៍វិនិយោគដល់គម្រោងទាំង២ មានជាអាទិ៍៖
១.ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក។ វិនិយោគ សាងសង់សណ្ឋាគារផ្កាយ៥ ចំនួន2,870 បន្ទប់ នៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២. ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD
មានទុនវិនិយោគ 12,350,190 ដុល្លារអាមេរិក។ វិនិយោគ សាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន) នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
គួរកត់សំគាល់ថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣, វិស័យវិនិយោគនៅកម្ពុជា មាននិន្នាការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដែលជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្តចំពោះស្ថានភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស៕