ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ ចំពោះជនស៊ីវិល ឬជនបរទេស ប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ន

60

 

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ន។

យោងតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ឱ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជូនដំណឹង និងបញ្ជាក់បន្ថែមអំពី ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។ ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា ។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន ។ អាស្រ័យហេតុនេះ សូមបណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ៕

អត្ថបទដែលជាប់ទាក់ទង