អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ រឿងលោក ហ៊ឹង ប៊ុនថន ជាព្រះរាជអាជ្ញារង ចោទប្រកាន់ក្រុមចោរឆក់២នាក់
ភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ជាការឆ្លើយតបទៅនឹងសារព័ត៌មាន និងសាធារណមតិ ដែលលើកឡើងអំពីចំណាត់ការនិងការចោទប្រកាន់របស់លោក ហ៊ឹង ប៊ុនថន ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងព្រហ្មទណ្ឌលេខ៦៦២៨ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានជនសង្ស័យជាក្រុមចោរឆក់ទូរស័ព្ទនៅតាមដងផ្លូវ កាលពីពេលថ្មីៗនេះចំនួន២នាក់។
ការចេញសេចក្តីថ្លែងការខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់មួយចំនួន ទៅលើចំណាត់ការ នៃការចោទប្រកាន់ របស់ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ពាក់ព័ន្ធ ការប្តូរបទចោទប្រកាន់ក្រុមចោរឆក់ ពីធ្ងន់មកស្រាល ឆ្ងាយពីសេចក្តីសន្និដ្ឋាន របស់នគរបាលយុត្តិធម៌ដែលខំដេញចាប់ចោរ និងកសាងសំណុំរឿងបញ្ជូនទៅលោកតុលាការ។ សំណុំរឿងព្រហ្មទណ្ឌលេខ៦៦២៨ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានជនសង្ស័យឈ្មោះ ឃឺន រ៉ានិត ហៅរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះស៊ិន វិសាល ភេទប្រុសអាយុ១៩ឆ្នាំ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងរបស់ជនរងគ្រោះឈ្មោះ ប៊ិន គង្គាពិសី នៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។
សេចក្តីថ្លែងការណ៍ បានពន្យល់ថា ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានបើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លើសំណុំរឿងខាងលើ បានធ្វើការចោទប្រកាន់ទៅលើក្រុមចោរទាំង២នាក់ ពីបទលួច (ឆក់ទូរស័ព្ទ) ដែលបទល្មើសមានបញ្ញតិ្តឲ្យផ្តន្ទាទោសតាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ការចោទប្រកាន់និងចំណាត់ការតាមនីតិវិធី នៅក្នុងសំណុំរឿងនេះ ធ្វើឡើងដោយគោរពតាម បទប្បញ្ញត្តិច្បាប់ ជាធរមាន យ៉ាងត្រឹមត្រូវ ក្នុងគោលដៅសម្រេច ឲ្យបាននូវការអនុវត្តច្បាប់ និងលុបបំបាត់និទណ្ឌភាព។
សូមជម្រាបជូនថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនក្រុមលោកចោរទាំង២នាក់ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្ទាប់ពីពួកគេជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាក iPhone 7Plus ពណ៌ខ្មៅ ពីជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ចំនួន០១គ្រឿង (ម៉ូតូសម្រេចជិះធ្វើសកម្មភាព ឆក់ និងប្លន់), ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ សលាយត្រួយចេក ស៊េរីឆ្នាំ២០១៥ ចំនួន០១គ្រឿង (ជារបស់ដែលគេ ប្លន់បានពីជនរងគ្រោះ) និងទូរសព្ទ័ដៃម៉ាក iPhone 7Plus ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។
យ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍មួយចំនួន កាលពីចុងខែតុលា ឆ្នាំ២០១៨ ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ក៏បានសម្រេចដោះលែង ជនសង្ស័យមួយចំនួនផងដែរ រួមមាន៖ ជនជាតិ អ៊ីស្រាអ៊ែល ដែលជាប់ពាក់ព័ន្ធករណី បរិហារកេរ្តិ៍ និងបង្ហោះរូបអាសអាភាស, ជនសង្ស័យជាថៅកែឃ្លាំងរថយន្តជាប់ពាក់ព័ន្ធ ករណី ទទួលផលចោរកម្ម និងទិញឡានពីចោរ, ជនសង្ស័យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សូមបញ្ជាក់ថា លោកផែង វណ្ណៈ បានសរសេរលើផេកហ្វេសប៊ុកថា “ចោរឆក់អរគុណលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ យើងខ្ញុំជាចោរឆក់តាមផ្លូវសាធារណៈ សូមគោរពថ្លែងអំណរគុណដល់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ដល់យើងខ្ញុំត្រឹមជា ចោរលួចកំប៉ិកកំប៉ុកប៉ុណ្ណោះ ទោះបីពេលខ្លះ យើងខ្ញុំឆក់គេដួលស្លាប់ក៏ដោយ ។ ការចោទប្រកាន់បែបនេះធ្វើឲ្យយើងខ្ញុំមានឱកាសងាយចេញពី គុកដើម្បីបន្តឆក់តទៅមុខទៀត ។ យើងខ្ញុំជាចោរឆក់ សូមគោរពជូនពរ លោកព្រះរាជអាជ្ញារង និង ក្រុមគ្រួសារជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើ ប៉ុន្តែបើយើងខ្ញុំឆក់ប៉ះលើប្រពន្ធលោកព្រះរាជអាជ្ញារង សូមលោកព្រះរាជអាជ្ញារងចោទប្រកាន់យើងខ្ញុំស្រាលៗបានហើយ ។ ពីរថ្ងៃនេះមានការអន្តរាគមន៍ ពីឯកឧត្ដមៗ មកខ្ញុំច្រើនណាស់ ពាក់ព័ន្ធនឹងករណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហ៊ឹង ប៊ុនថន កែបទល្មើសចោរឆក់ពី លួចមានស្ថានទម្ងន់ទោស មកជាលួចធម្មតាវិញ ។ ប៉ុន្តែខ្ញុំមិនឲ្យជួប បើជួបលោក ហ៊ឹង ប៊ុនថន សុខចិត្តយកពេលជួបអ្នកសុំទានប្រសើរជាង តែបើ ហ៊ឹង ប៊ុនថន ចង់បកស្រាយបំភ្លឺ សូមបំភ្លឺជាលាយលក្ខណ៍អក្សរមក ខ្ញុំនឹងផ្សាយបំភ្លឺវិញ ។ ពេលវេលាខ្ញុំមានតម្លៃណាស់ ខ្ញុំមិនជួបមន្ត្រី ដែលរាស្ត្រជេរពេញប្រទេសនោះទេ “៕