ទូកងវែងជាងគេរបស់កម្ពុជា ត្រៀមបំបែកកំណត់ត្រាពិភពលោកទូកវែងជាងគេលើលោក នៅថ្ងៃទី១២ វិច្ឆិកា
ភ្នំពេញ ៖ គណៈកម្មការផលិតទូក ង វែងជាងគេលើពិភពលោក នឹងរៀបចំពិធីបំបែកកំណត់ត្រាទូក ង វែងជាងគេលើពិភពលោក ដែលប្រារព្ធធ្វើឡើង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត ក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ការធ្វើទូកងនេះ ធ្វើឡើង មិនមែនចង់ត្រឹមតែឲ្យវែងជាងគេ ហើយបំបែកកំណត់ត្រាពិភពលោកនោះទេ គឺចង់ឲ្យទង់ជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញ នៅក្នុងសៀវភៅ World Guinness Record ជាសាធារណៈ។
នៅក្នុងសន្និសិទសារព័ត៌មាន ស្ដីពី ពិធីបំបែកកំណត់ត្រាឯគទកម្ម ទូក ង វែងជាងគេលើពិភពលោក នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខា ភ្នំពេញ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការកសាងទូកងវែងជាងគេ នៅលើពិភពលោក បានថ្លែងថា ទន្ទឹមនឹងសមិទ្ធផលដែលបានលេចចេញជារូបរាងនេះ នឹងត្រូវរៀបចំពិធីបំបែកកំណត់ត្រាទូកង វែងជាងគេលើពិភពលោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលនឹងរៀបចំនៅតំបន់អ្នកលឿងត្រើយខាងកើត។ គោលបំណងផ្សេងទៀតការកសាងទូកនេះ ដើម្បីទាកទាញផ្នែកទេសចរណ៍ ក៏ដូចជាបង្ហាញនូវសមិទ្ធផលផ្សេងៗទៀតផងដែរ ជាក់ស្ដែងទូកងវែងជាងគេនេះ នឹងត្រូវយកមកដាក់បង្ហាញឲ្យមហាជន បានទស្សនានៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅដាក់តាំង នៅមុខវាលព្រះមេរុ រយៈពេលយ៉ាងយូរ១០ថ្ងៃ ទើបយកត្រឡប់ទៅខេត្តព្រៃវែងវិញ។
លោក ស សុខាបានបញ្ជាក់ផងដែរថា គិតចាប់តាំងពីដំណើរការសាងសង់ រហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះ គឺមានរយៈពេលជិត៧ខែ មានចំនួន១៩២ថ្ងៃ ដោយមានទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ដែលរស់នៅជុំវិញខេត្តព្រៃវែង សមាជិក ស.ស.យ.ក សរុបចំនួន១៤.០០០នាក់ បានចូលរួមកសាង ខណៈខ្ទង់ចំណាយអស់ថវិកាប្រមាណ៥-៦ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់បូកបញ្ចូល លើការចំណាយផ្សេងៗ។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ទូកងវែងជាងគេ នៅលើពិភពលោកនេះ មិនមែនធ្វើមកដើម្បីប្រណាំងនោះទេ គឺចង់បង្ហាញពីស្នាដៃរបស់កូនខ្មែរ ដែលបានខិតខំរួមរួបសាមគ្គីគ្នា ដែលនឹងបន្សល់ទុកនូវស្នាដៃជូនកូនខ្មែរជំនាន់ក្រោយ ដែលដូចពាក្យស្លោកបញ្ជាក់ថា ខ្មែររួមគ្នា ខ្មែរសាមគ្គី គឺខ្មែរឈ្នះ។
លោក ងិន បាណាល់ អនុប្រធានគណៈកម្មការកសាងទូកងវែងជាងគេ ក៏បានគូសបញ្ជាក់ថា ទូកងនេះធ្វើចេញពីដើមគគីរចំនួន៦ដើម ដែលមាន៥ដំណរ ដោយ៣ដំណរនៅតួទូក និង២ដំណរទៀត នៅក្បាលទូក និងកន្សៃ ហើយដោយឡែកច្រវាត្រូវបានធ្វើឡើងពីឈើស្រឡៅ។ សម្រាប់ការបំបែកកំណត់ត្រានេះ World Guinness Record បានកំណត់នូវគោលការណ៍សំខាន់ៗចំនួន៣ ដើម្បីឲ្យគណៈកម្មការបំពេញ ដោយលក្ខខណ្ឌទី១៖ សម្រាប់ទូកនាគដែលវែងជាងគេ ផ្ដោតទៅលើការរចនា របៀបផលិត និងវត្ថុធាតុដើម ដែលប្រើប្រាស់សម្រាប់ការផលិត ត្រូវទទួលបានការឯកភាពពីសហព័ន្ធទូកនាគអន្ដរជាតិ, លក្ខខណ្ឌទី២៖ គឺជាលិខិតផ្លូវការមួយ ពីសហព័ន្ធទូកនាគអន្ដរជាតិ ដើម្បីបញ្ជាក់ថា ទូករបស់កម្ពុជាជា ទូកនាគ និងលក្ខខណ្ឌទី៣៖ ការបរិយាយលម្អិតអំពីការផលិតទូក។
សូមជម្រាបថា ទូក ង របស់កម្ពុជាដែលត្រៀមបំបែកឯកទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា កម្ពោជិកបុត្តាខេមរាតរី ដែលមានអត្ថន័យថា ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា មានប្រវែងរហូតដល់៨៧,៣ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងជម្រៅ០,៨ម៉ែត្រ ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។ ទូកដ៏វែងមួយនេះ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត។
ទាំងអស់នេះ ជាមោទនភាពសម្រាប់អ្នកខេត្តព្រៃវែង និយាយដោយឡែក ហើយនិយាយជារួម គឺប្រទេសកម្ពុជាតែម្ដង ដែលបានសាងសង់ទូក បំបែកកំណត់ត្រាពិភពលោក ខណៈប្រទេសចិនជាម្ចាស់កំណត់ត្រាទូកងវែងជាងគេនេះនៅលើពិភពលោក នាពេលបច្ចុប្បន្ន៕