មន្ទីរសាធារណៈការខេត្តព្រះវិហារ អំពាវនាវអោយប្រជាពលរដ្ឋកុំដឹកទំនិញលើសទំងន់លើផ្លូវជាតិលេខ៩៥ ខណៈស្ពានពុទ្រាទ្រុឌទ្រោមខ្លាំង ងាយនឹងគ្រោះថ្នាក់
ព្រះវិហារ៖ មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋដែលបើកបររថយន្តធំៗ ដឹកទំនិញ សូមមេត្តាកុំដឹកទំនិញលើសទំងន់ លើផ្លូវជាតិលេខ៩៥ ខណៈស្ពានពុទ្រា ចាស់ទ្រុឌទ្រោមខ្លាំង ងាយនឹងបង្កគ្រោះថ្នាក់គ្រប់ពេល។
ការអំនាវបែបនេះរបស់លោកសំ លាងទ្រី បានធ្វើឡើង ខណៈដែលលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវ ស្ពាននិងការកាត់ស្មៅ តាត់មែកឈើតាមដងផ្លូវកាលពីដើមខែ វិច្ឆិកា២០១៨ថ្មីៗ
នេះ។
លោកសំ លាងទ្រី បានមានប្រសាសន៍អោយដឹងថា នៅតាមបណ្តោយផ្លូវ៩៥ នៃខេត្តព្រះវិហារនេះមានស្ពានចំនូន៥ទៅ៦កន្លែង ហើយស្ពានដែលចាស់ទ្រុឌទ្រោមជាង គឺ ស្ពានឆ្លងកាត់ស្ទឹងសែន ហៅស្ពានពុទ្រា ស្ថិតនៅក្នុងភូមិពុទ្រា ឃុំពុទ្រាស្រុកជ័យសែនជាប់ព្រំប្រទល់រវាងស្រុករវៀងខេត្តព្រះវិហារ ។លោកបញ្ជាក់ថា គ្រឹះស្ពាននេះបានកសាងឡើងតាំងពីឆ្នាំ១៩៦២ _១៩៦៣ មកម្លេះ ហើយនៅពេលប្រទេសជាតិមានសង្គ្រាមស្ពាននេះត្រូវបានកាត់ផ្តាច់។ លុះមកដល់ឆ្នាំ២០០៥ ឬ២០០៦លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានរៀបចំសាងសង់ឡើងវិញជាប្រភេទស្ពានដែក ដោយសាងសង់លើគ្រឹះសរសរចាស់។ តែមកដល់ពេលនេះស្ពានពុទ្រាបានទទួលរងនូវភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង។ ដូច្នេះទេ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបើកបររថយន្តធំៗ ដឹកទំនិញលើផ្លូវជាតិលេខ៩៥នេះ សូមមេត្តាប្រុងប្រយ័ត្នកុំដឹកទំនិញលើសទំងន់ដែលបានកំណត់ វានឹងបង្កអោយមានគ្រោះថ្នាក់គ្រប់ពេល។
លោកបន្តថា បងប្អូនប្រជាពលរដ្ឋដែលដឹកទំនិញលើសពី១៥តោនអាចធ្ចើដំណើរវៀងទៅផ្លូវលេ៩ឬផ្លូវលេខ៦២វិញ ដោយផ្លូវលេខ៩៥នេះអាចធ្វើចរាចរណ៍បានត្រឹមតែរថយន្តទទេនិងរថយន្តតូចតែប៉ុណ្ណោះ។
ចំពោះការសងសង់ស្ពាននេះឡើងវិញ យើងរងចាំរាជរដ្ឋាភិបាលមកធ្វើថ្មីតែម្តង រឿងពេលវេលានៃការស្ថាបនាឡើងវិញនៅពេលណានោះលោកប្រធានមន្ទីរមិនបានបញ្ជាក់អោយដឹងនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា នៅពេលមានថវិកាគ្រប់គ្រាន់យើងសាងសង់ឡើងវិញតែម្តង៕