ព្រឹកនេះ ចាប់ផ្តើមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ដូចសព្វមួយដង រាល់ការប្រឡងប្រជែងតែងតែអនុវត្តន៍តាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែង ដែលការរៀបចំតាក់តែងវិញ្ញាសា នាពេលព្រឹក និងប្រឡងនាពេលរសៀល។ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមនៅម៉ោង ១១៖៣០ នាទី ក្រោមវិញ្ញាសាចំនួន៣ រួមមាន៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស។
សូមជម្រាបជូនដល់បេក្ខជនត្រូវមកដល់មណ្ឌលប្រឡង ១ម៉ោងមុនការប្រឡង(ម៉ោង១១៖៣០នាទី) ព្រមទាំងភ្ជាប់មកជាមួយនូវ៖
១-សលាកបត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២-ប៊ិចពណ៌ខៀវ និងបន្ទាត់ សម្រាប់ប្រើប្រាស់ពេលប្រឡង។
បេក្ខជនមិនត្រូវយកឯកសារផ្សេងៗ ព្រមទាំងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ទូរស័ព្ទ នាឡិកាឆ្លាតវៃ…) ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត និងមិនមានការទទួលរក្សាទុកនោះទេ។
បេក្ខជនដែលចូលរួមប្រឡងប្រជែង ក្របខ័ណ្ឌក្រសួងសាធារណៈការ និងដឹកជញ្ជូន(ចំនួន១៤២៤នាក់)។
ទោះបីជាមានជាមានការមមាញឹកលើការងារយ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែផ្តល់កិត្តិយសនិងឱ្យតម្លៃលើការប្រឡងប្រជែង ជាក់ស្តែងនៅព្រឹកនេះ គឺជាថ្ងៃទី២ នៃការប្រឡងប្រជែងបីក្រសួង ស្ថាប័ន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នៅតែបន្តមានវត្តមាន នៅសាលាភូមិន្ទរដ្ឋបាល ពិនិត្យការតាក់តែងវិញ្ញាសា និងការជ្រើសរើសវិញ្ញាសាសម្រាប់ការប្រឡង។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា បេក្ខជនដែលចូលរួមប្រឡងប្រជែងត្រូវមានសមត្ថភាពល្អប្រសើរជាងគេ ទើបមានឱកាសទទួលបានលទ្ធផលឈ្នះគេ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរគ្រប់សព្វបែបយ៉ាង រួមទាំងការរៀបចំនិយាមនីតិវិធីប្រតិបត្តិ ដើម្បីផ្តល់ឱកាស ឬផ្តល់ជាវេទិកាសម្រាប់ការបញ្ចេញសមត្ថភាពស្មើៗគ្នា ជូនប្រជាពលរដ្ឋបានចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌ។ ពិតណាស់ បេក្ខជនទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពស្របពេលជាមួយគ្នា ដូច្នេះ អ្វីដែលគួរធ្វើ គឺសូមបេក្ខជនខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យបានល្អប្រសើរជាងគេ ដើម្បីទទួលបានលទ្ធផលឈ្នះបេក្ខជនដទៃទៀត ព្រោះនេះជាការប្រឡងប្រជែង៕