ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកកែវ រ៉េមី៖កីឡាតេក្វាន់ដូ ITF ខ្លាំង អាស្រ័យដោយគ្រូបង្វឹក និងក្រុមជម្រើសជាតិមានបេះដូងសាមគ្គីភាព ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់

31

 

ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលខ្លាំង មិនមែនត្រឹមតែអាស្រ័យទៅក្បាច់គុនប៉ុណ្ណោះទេ គឺវាស្រ័យទៅលើបេះដូង សាមគ្គីភាពផ្ទៃក្នុងល្អ មានបញ្ញាស្មារតី ចិត្តទូលាយជាដើម ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់។

នេះជាការលើកឡើងរបស់លោកក្នុងកម្មវិធីប្រកួតជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅសាលនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីត្រៀមចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា នាខែសីហា ឆ្នាំ២០២៤ខាងមុខ។
លោក កែវ រ៉េមី គូសបញ្ជាក់ថា ដោយសារការលះបង់ខ្ពស់ និងការចេះស្រឡាញ់សាមគ្គីភាពនេះហើយ ដែលជំរុញឲ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាអាចឈរជើងបានជាប់រហូត បើទោះបីជាប្រឈមមុខនឹងការលំបាកយ៉ាងណាក៏ដោយ ក៏សហព័ន្ធនៅតែមានសក្តានុពល រួមទាំងថ្នាលយុវជន និងក្រុមកុមារបន្តវេនជាដើម។ កាលពីឆ្នាំមុន គ្រូបង្វឹកតេក្វាន់ដូ ITF មានចំនួន ៤នាក់ រីឯក្រុមជម្រើសជាតិមានចំនួន ២៣នាក់ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ កាត់នៅសល់គ្រូបង្វឹក២នាក់ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិនៅសល់ត្រឹម១៣នាក់។

ដូច្នេះ ដើម្បីជម្រុះឲ្យមានតម្លាភាព ត្រូវតេស្តសមត្ថភាព តាមរយៈការប្រកួតប្រជែងបង្ហាញសមត្ថភាព។ ឯកឧត្តម កែវ រ៉េមីបង្ហាញការសោកស្តាយ ដោយមិនចង់ជម្រុះនោះទេ ដោយចង់រក្សានូវចំនួនគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិឱ្យបានច្រើនដូចកាលពីឆ្នាំកន្លងទៅ។
ប្រធានសហព័ន្ធបានបន្តថា កន្លងមក សហព័ន្ធកីឡាតេក្វាន់ដូ ITF គឺជាសហព័ន្ធមួយដែលខ្លាំង ចង់ពង្រីកសក្តានុពលទាំងគុណភាព និងបរិមាណ ប៉ុន្តែនៅឆ្នាំ២០២៤នេះ យើងមានការសោកស្តាយ ប៉ុន្តែយើងត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការកាត់បន្ថយនេះ យើងត្រូវធ្វើឡើងឲ្យមានភាពយុត្តិធម៌បំផុត ដោយមិនជជែកគ្នាតែក្នុងក្រុមគ្រូបង្វឹក លក្ខណៈបិទទ្វារហើយកាត់បន្ថយចំនួនគ្រូ និងក្រុមជម្រើសជាតិតែម្តងនោះទេ។ ដូច្នេះតាមរយៈការប្រកួតជ្រើសរើសនេះបានបង្ហាញពីតម្លាភាព ប្រកបដោយភាពយុត្តិធម៌បំផុត។

អ្វីដែលខ្ញុំសប្បាយចិត្ត មានមោទនភាព និងកោតសរសើរដល់គ្រូបង្វឹក និងក្រុមជម្រើសជាតិ គឺការលះបង់ខ្ពស់របស់ពួកគាត់ តាមរយៈការចែករំលែករបបឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងចំនួនគ្រូបង្វឹក ២នាក់ គឺបែងចែករបបសម្រាប់គ្រូបង្វឹក៤នាក់ ដោយរក្សាចំនួនគ្រូបង្វឹកឱ្យនៅចំនួន៤នាក់ដដែល។ នេះជាចំណុចមួយគំរូល្អ ខ្ញុំរំភើបណាស់ ខ្ញុំជាប្រធានសហព័ន្ធ ប៉ុន្តែខ្ញុំគោរពកូនចៅទៅទៀត ដោយសារតែការផ្តល់តម្លៃជូនដល់ពួកគាត់ ដែលមានការលះបង់ដ៏អស្ចារ្យ។ ទោះជាត្រូវកាត់បន្ថយចំនួនគ្រូមែន ប៉ុន្តែយើងបានឯកភាពគ្នាកាត់បន្ថយរបបឧបត្ថម្ភ រៃគ្នាពង្រីកក្នុងចំនួន២នាក់ចែកដល់គ្រូចំនួន៤នាក់។

ចំណែកកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិ ដែលកាត់បន្ថយពីចំនួន២៨នាក់ មកសល់ត្រឹម១៣នាក់នេះ គឺការប្រកួតជម្រុះនេះមិនមែនយកត្រឹមតែចំនួន១៣នាក់គត់នោះទេ ដោយអនុវត្តតាមរបៀបរបបដូចទម្រង់គ្រូបង្វឹកដែរ។ ដូច្នេះ កីឡាករ កីឡាការិនីជម្រើសជាតិ ដែលប្រកួតជម្រុះជាប់ក៏បានប្តេជ្ញាចិត្តដូចគ្នាដែរថានឹងរៃលុយគ្នាដើម្បីយកទៅជួយបំប៉ន សម្រាប់កីឡាករ កីឡាការិនី ក្រៅពីចំនួនគោល ១៣នាក់នេះ ដែលអាចមានចំនួនពី១៨នាក់ទៅ២០នាក់។
ប្រធាន កែវ រ៉េមី បានសង្កត់ធ្ងន់ថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា គឺសហព័ន្ធគ្រោងនឹងចំណាយថវិកាជាង ២ម៉ឺនដុល្លារ ដែលសម្រាប់សហព័ន្ធតេក្វាន់ដូ ITF គឺមានការលំបាក ដោយឯកឧត្តមប្តេជ្ញាថានឹងខិតខំស្វែងរកការឧបត្ថម្ភគាំទ្រដល់ការចំណាយនេះ ដើម្បីជំរុញឲ្យក្រុមជម្រើសជាតិកម្ពុជាបានបញ្ចេញសមត្ថភាព ក្នុងការប្រជែងមេដាយយកមកជូនជាតិមាតុភូមិ ពីព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ីមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង