ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋជាង២០០គ្រួសារ ស្នើសុំសម្តេចតេជោ មោឃៈភាពដីដែលជនជាតិចិនតៃវ៉ាន់ លួចធ្វើប្លង់ រំលោភយកដីពលរដ្ឋ នៅស្រុកកំពង់សីលា

114


ព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន២៦៩គ្រួសារ រស់នៅក្នុងភូមិចាំស្រី ភូមិក្រាំងអាត់ និងភូមិវាល នៃឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលអះអាងថា រងនូវការលួចធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីពីជនជាតិចិន តៃវ៉ាន់នោះ បានធ្វើលិខិតផ្តិតមេដៃផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំធ្វើមោឃៈភាពប័ណ្ណកម្មសិទ្ធិសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុឆ្នាំ១៩៩២-១៩៩៦ ដើម្បីឲ្យពួកគាត់បានទទួលសិទ្ធិរស់នៅ ក្នុងការគ្រប់គ្រងប្រើប្រាស់អាស្រ័យផល និងសិទ្ធិចាត់ចែងស្របច្បាប់លើដីធ្លី។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រជាជពលរដ្ឋ បានអះអាងថា ពួកគាត់បានចូលមករស់នៅលើដីធ្លីរបស់ខ្លួន តាំងពីឆ្នាំ១៩៨២, ១៩៨៥, ១៩៨៨ រហូតដល់បច្ចុប្បន្ន និងបានរុករានកាន់កាប់ដីធ្វើស្រែចំការចិញ្ចឹមជីវិតតាំងពីពេលនោះ រហូតដល់មកបច្ចុប្បន្ន មិនដែលបានប្រើប្រាស់អំពើហិង្សា និងមិនដែលមានទំនាស់ដីធ្លីទេ ដោយបានដឹងឮជាសធារណៈគ្មានការតវ៉ាពីជនណាម្នាក់ឡើយ។ ម្យ៉ាងទៀត ពួកគាត់សុទ្ធតែ មានអត្តសញ្ញាណប័ណ្ណ មានសៀវភៅស្នាក់នៅ មានសៀវភៅគ្រួសារ និងបានទៅចូលរួមបោះឆ្នោតគ្រប់អាណត្តិ និងបានកាន់កាប់ដីតាំងទីលំនៅដ្ឋានមុនច្បាប់ភូមិបាលក្នុងឆ្នាំ២០០១។ នៅឆ្នាំ២០១២ មានក្រុមនិស្សិតចុះវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ទើបដឹងថា ជាប់ពាក់ព័ន្ធទៅនឹងការធ្វើប័ណ្ណកម្មសិទ្ធិរបស់ជនជាតិតៃវ៉ាន់ ហើយដីដែលពាក់ព័ន្ធនោះ មានដូចជាដីរបស់ប្រជាពលរដ្ឋ២៦៩គ្រួសារ ដីរដ្ឋបាលស្រុក ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដីអធិការដ្ឋាននគរបាលស្រុក ដីផ្នែកសឹករងស្រុក និងដីការិយាល័យគ្រប់ផ្នែកចំណុះជុំវិញស្រុក រួមទាំងដីទីស្នាក់ការគណបក្សស្រុកផងដែរ ក៏ជាប់ពាក់ព័ន្ធនឹងប័ណ្ណកម្មសិទ្ធិ របស់ជនជាតិតៃវ៉ាន់នេះផងដែរ។ ចំពោះឯកសារផ្តល់កម្មសិទ្ធិនេះ គឺមិនបានរៀបចំឯកសារតាមច្បាប់ភូមិបាលនោះទេ ដូចជាលិខិតស្នាមមិនបានបំពេញឯកសារឲ្យបានគ្រប់គ្រាន់ តាមនីតិវិធីរបស់សុរិយោដីជាដើម។

ប្រជាពលរដ្ឋបាននិយាយថា យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់សូម សម្តេចតេជោ ហ៊ុន សែន មេត្តាមោឃៈភាពប័ណ្ណកម្មសិទ្ធិ របស់ជនជាតិតៃវ៉ាន់នោះចេញ ពីរដ្ឋបាលសូរិយោដី និងជួយផ្តល់ប័ណ្ណកម្មសិទ្ធិដល់យើងខ្ញុំគ្រប់ៗគ្នា មានភាពកក់ក្តៅក្នុងការប្រើប្រាស់ដីអាស្រ័យផល ចាត់ចែងប្រើប្រាស់ដីធ្លីស្របច្បាប់ និងដាក់បន្ទុកផ្សេងៗទៅលើដីនោះ ម្យ៉ាងអ្វីដែលសំខាន់ប្រជាពលរដ្ឋ បានចាកផុតពីការធ្វើចំណាកស្រុក នឹងបានរស់នៅជួបជុំគ្រួសារ ហើយបានបង្កបង្កើនផលដោយសិទ្ធិពេញលេញស្របច្បាប់ដោយរដ្ឋ។

ពាក់ព័ន្ធករណីនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ Fresh News ដោយទទួលស្គាល់ថា ប្រជាពលរដ្ឋទាំងដែលជួបបញ្ហា គេលួចធ្វើប្លង់រំលោភកម្មសិទ្ធិនោះ ពិតជាបានរស់នៅជាយូរមកហើយពិតមែន ហើយប្រជាពលរដ្ឋធ្លាប់បានតវ៉ាដែរ ដោយលោកក៏បានចាត់ឲ្យមន្ត្រីខេត្តចុះសិក្សាស្រាវជ្រាវករណីនេះ និងបានបញ្ជូនសំណុំឯកសារស្នើសុំបដិសេធប្លង់ កម្មសិទ្ធិនេះ ជូនថ្នាក់ជាតិ គឺក្រសួងដែនដីរួចរាល់ហើយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។

លោកអភិបាលបានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ១៩៩២ តាំងតែពីស្រុកកំពង់សីលា ស្ថិតក្នុងខេត្តកោះកុង មានក្រុមហ៊ុនមួយមកធ្វើប័ណ្ណកម្មសិទ្ធិលើដីនោះ។ ដល់តែឆ្នាំ២០១៥-២០១៦ ប្រជាជនគាត់សុំធ្វើមោឃៈភាពប្លង់នោះចោល ព្រោះអីអ្នកធ្វើប្លង់ចេះតែធ្វើទៅ ដល់ពេលរស់នៅជាក់ស្តែងប្រជាពលរដ្ឋរស់នៅលើដីនោះ អត់ឃើញមានម្ចាស់ណាមកតវ៉ានោះឡើយភាគច្រើន មានតែចំនួនតិចតួចប៉ុណ្ណោះ មកតវ៉ាហើយក៏ដោះស្រាយគ្នា ចំពោះអ្នកដែលអត់តវ៉ាប្រជាពលរដ្ឋគាត់រស់ នៅរហូតដល់សព្វថ្ងៃនេះ អត់មានការតវ៉ាអ្វីនោះទេ។ អីចឹងប្រជាពលរដ្ឋគាត់ដាំដំណាំ អាស្រ័យផលយូរមកហើយពិតមែន។ ដល់ក្រោយខាងស្រុក ខាងឃុំក៏សុំមកខេត្តធ្វើមោឃៈភាពប្លង់នោះចោល ខ្ញុំក៏បានចាត់តាំងក្រុមការងារ ចុះសិក្សាមើលឃើញថា ពិតជាដូចការលើកឡើងពិតមែន គឺប្លង់ដីនៅស្រុកកំពង់សីលាប្រមាណជាង៤ពាន់ហិកតា តាមសំណូមពររបស់ស្រុកសុំមោឃៈភាពប្លង់ហ្នឹងចោល ព្រោះអីអ្នកកាន់កាប់ដីជាក់ស្តែងជាប្រជាពលរដ្ឋ ប៉ុន្តែឈ្មោះជាអ្នកផ្សេង អីចឹងខាងរដ្ឋបាលខេត្ត បានធ្វើលិខិតសុំបដិសេធប្លង់ចោលយូរដែរហើយ ប៉ុន្តែមិនទាន់សម្រេច ដោយសារតែថ្នាក់លើត្រូវការពេលពិនិត្យ។

ប្រជាពលរដ្ឋ បានស្នើសុំដល់សម្តេចតេជោ មេត្តាជួយមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីទាំងនោះ និងផ្តល់សិទ្ធិរស់នៅគ្រប់គ្រងប្រើប្រាស់ និងចាត់ចែងស្របច្បាប់ និងផ្តល់ប័ណ្ណកម្មសិទ្ធិដល់យើងខ្ញុំ ជាប្រជាពលរដ្ឋទាំង៣ភូមិនេះផង៕

អត្ថបទដែលជាប់ទាក់ទង