គណៈកម្មាធិការអន្តរក្រសួងពិភាកក្សាអំពីផែនការសកម្មភាព និងសូចនាករសម្រាប់យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរៀបចំកិច្ចប្រជុំលើកទី២ របស់ខ្លួននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីប្រកាសសមាសភាព និងពិភាក្សាអំពីផែនការសកម្មភាព និងសូចនាករសមិទ្ធកម្ម ដើម្បីសម្រេចឱ្យបាននូវវិធានការគន្លឹះ ដែលកំពុងបន្តរៀបចំ និងដាក់ឱ្យអនុវត្ត។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ មានគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចក្រៅ ប្រព័ន្ធឱ្យក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ យុទ្ធសាស្ត្រនេះក៏ជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមប្រធានគណៈកម្មាធិការអន្តរក្រសួងនេះ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីសារសំខាន់នៃយុទ្ធសាស្រ្ត និងភាពចាំបាច់នៃផែនការសកម្មភាពលម្អិតរបស់ក្រសួង-ស្ថាប័ន ដោយលើកឡើងពីគំរូផែនការសកម្មភាពរបស់ក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងធនាគារជាតិនៃកម្ពុជា។ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគម សហព័ន្ធ និងវិស័យឯកជន ឱ្យបង្កើតផែនការសកម្មភាពផ្ទាល់ខ្លួន ដោយកំណត់ក្របខណ្ឌពេលវេលា និងសូចនាករច្បាស់លាស់ដើម្បីរួមចំណែកដល់គោលដៅរួម។
តាមរយៈកិច្ចពិភាក្សា អង្គប្រជុំបានជ្រួតជ្រាបកាន់តែស៊ីជម្រៅអំពីយុទ្ធសាស្ត្រជាតិនេះ ក៏ដូចជាតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ។
អង្គប្រជុំបានអំពាវនាវ និងឯកភាព ជំរុញការផ្សព្វផ្សាយអំពីវិធានការដែលក្រសួង-ស្ថាប័ន បាននិងកំពុងបន្តដាក់ចេញឱ្យបានជ្រួតជ្រាប និងមានប្រសិទ្ធភាពដល់គោលដៅ ជាពិសេសចំពោះបងប្អូនជាអ្នកទទួលផលពីយុទ្ធសាស្ត្រជាតិនេះ នៅថ្នាក់មូលដ្ឋាន៕