ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលារៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹង ដល់មន្រ្តីគយនិងរដ្ឋាករ អំពីការកំណត់អត្តសញ្ញាណផលិតផលពិត ឬក្លែងក្លាយ ចំពោះម៉ាក ឬពាណិជ្ជនាម

52

 

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ អគ្គ​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល” ក្រោមអធិបតីភាពរបស់លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការសហការរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន S&O Intellectual Property Company Limited ដើម្បីធ្វើប​​ទ​​បង្ហាញដល់មន្ត្រីគយនិងរដ្ឋាករ នៅសាលាជាតិគយ។ សិក្ខាសាលារៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងដល់មន្រ្តីគយនិងរដ្ឋាករអំពីការកំណត់អត្តសញ្ញាណផលិតផលពិត ឬក្លែងក្លាយ ចំពោះម៉ាក ឬពាណិជ្ជនាមជាដើម ដែលបានចុះបញ្ជីស្របតាមច្បាប់ជាធរមាន ព្រមទាំងរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរឆ្លងដែននូវផលិតផលក្លែងក្លាយដែលរំលោភកម្មសិទ្ធិបញ្ញា។

កញ្ញា ចន្ទ សេរីរដ្ឋា តំណាងក្រុមហ៊ុន S&O Intellectual Property Company Limited បានកត់សម្គាល់នូវភាពចាំបាច់នៃកិច្ចសហការ​ជាមួយអាជ្ញាធរ​មាន​សមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលជាបញ្ហាប្រឈមនាពេលកន្លងមក។ តំណាងក្រុមហ៊ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគរ ក្នុងការ​ផ្តល់ឱកាស​ដល់​វិស័យឯកជន​បាន​ចូលរួមចំណែកក្នុងកិច្ចការនេះ ដែលជាផ្នែកមួយសំខាន់ដែរក្នុងការការពារសុខមាលភាពរបស់​ប្រជាពលរដ្ឋ និងការជំរុញកំណើ​នសេដ្ឋកិច្ចជាតិ តាមរយៈការទប់ស្កាត់​ការរីកដុះដាល​នៃ​ផលិតផល​ក្លែងក្លាយ។

លោកអគ្គនាយករង បាន​គូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះរៀបចំឡើងស្របតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយ ឆ្នាំ២០២៤-២០២៨ និងផែនការសកម្មភាព ឆ្នាំ២០២៤ របស់ អគរ។ កិច្ចការពារកម្មសិទ្ធិបញ្ញា ត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល និងក្នុងនាមស្ថាប័នអនុវត្តច្បាប់នៅមាត់ច្រកព្រំដែន អគរ រួមចំណែកក្នុងកិច្ចការពារធុរកិច្ចស្របច្បាប់ លើកទឹកចិត្តការវិនិយោគ និងការប្រកួតប្រជែងស្មើភាព។ លោកអគ្គនាយករង​ សង្ឃឹមថាក្រុមហ៊ុននឹងចែករំលែកបទពិសោធន៍ល្អៗទាំងការជួបប្រទះផ្ទាល់ ទាំងបទពិសោធន៍ពីបរទេស ព្រមទាំងបានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីកែលម្អបន្ថែមទៀតលើការអនុវត្តការងារបន្តក្នុងនាមស្ថាប័នអនុវត្តច្បាប់។

វគ្គបណ្តុះបណ្តាលនេះ ដំណើរការទៅដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មពីសំណាក់សិក្ខាកាម តាមរយៈការសួរសំណួរ ព្រមទាំងមានការបកស្រាយយ៉ាងក្បោះក្បាយពីវាគ្មិនចូលរួម។

អត្ថបទដែលជាប់ទាក់ទង