ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាន់តែផុលផុស និងដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ

109


ភ្នំពេញ៖ រាជរដ្ឋា​ភិបាលកម្ពុជា បន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាន់តែផុលផុស និងដោះស្រាយបញ្ហាចង្អៀត​ណែនក្នុងពន្ធនាគារ។ សម្តេចក្រឡាហោមបន្តថាបញ្ហាគ្រឿងញៀនជាបញ្ហាមួយ ដែលជាការប្រឈមមួយរបស់សង្គមកម្ពុជា ព្រោះថាបើសមត្ថកិច្ចមិនបង្ក្រាបគ្រឿងញៀនទេនោះ បញ្ហានេះ នឹងរីករាលដាលនៅក្នុងសង្គម ហើយក៏ជាការទទួលខុសត្រូវមួយ ដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅក្នុងជំនួប​ជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បន្ថែមថា ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនា​ធិការ បានខិតខំ នឹងកំពុងតែសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារបន្ថែម នៅតាមខេត្ត ដើម្បី​​ធ្វើយ៉ាងណាជួយរំលែកទុក ពន្ធនាគារនៅភ្នំពេញ ក៏ដូចជា នៅពន្ធនាគារណាដែលមានភាពចង្អៀត​ខ្លាំង។ សម្ដេចក្រឡាហោម ចង់ឲ្យមានកិច្ចប្រជុំមួយ ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហាការឃុំខ្លួន​មុនកាត់សេចក្ដី នៃអ្នកជាប់ឃុំមួយចំនួន ដែលបញ្ហានេះ ជាផ្នែកមួយដែលធ្វើឲ្យមានការចង្អៀតណែនក្នុងពន្ធនាគារផងដែរ។

លោកស្រី រ៉ូណា ស្មីត បានគាំទ្រចំពោះអ្វីដែលរាជរដ្ឋាភិបាល បានធ្វើកន្លងមកពាក់ព័ន្ធ ការសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារ ហើយលោកស្រី បានបញ្ជាក់ដែលថា ប្រសិនបើមានកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយពន្លឿនការកាត់សេចក្ដី ក៏ដូចជាដោះស្រាយ ចំពោះអ្នកឃុំខ្លួនរង់ចាំ ការកាត់សេចក្ដីនេះ ពិតជាមានភាពល្អប្រសើរចំពោះកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង