ករណីសំណង់មហាកុដិនៅវត្តគិរីសាលវ័ន (ហៅ វត្តថ្មី) ព្រះគ្រូចៅអធិការ វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា
កំពង់ចាម ៖ វត្តគិរីសាលវ័ន (ហៅវត្តថ្មី) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីសំណង់មហាកុដិនៅវត្តគិរិសាលវ័ន (ហៅវត្តថ្មី) ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អាត្មាភាពព្រះនាម មិន ឈឿន ជាព្រះគ្រូចៅអធិការ វត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមចម្រើនពរ ប្រកាសជូនដំណឹងដល់ញាតិញោម ប្រជាពុទ្ធបរិស័ទ និង អ្នកសារព័ត៌មាន មេត្តាជ្រាបអំពីកណើសំណង់ មហាកុដិ ដែលកំពុងទទួលរងនូវការរិះគន់ពីក្នុងចំណោម មហាជន សាធារណៈមតិទាំងឡាយ ដោយសារតែសំណង់មហាកុដិនេះ នៅផ្ទៃខាងមុខ ពិតជាមានរចនាបថមិនសមស្របជាលក្ខណៈរចនាបថខ្មែរដូចការរិះគន់នោះមែន មូលហេតុដោយសារតែវត្តបានធ្វើការកែប្រែខុសសភាពដើមនៃ ប្លង់ស្ថាបត្យកម្ម ដែលបានសិក្សានិងគូសដោយវិស្វករ នៅខណៈពេលកំពុងសាងសង់។
ជាដំណោះស្រាយ អាត្មាភាពជាព្រះគ្រូចៅអធិការ ព្រមទាំងអាចារ្យ គណៈកម្មការវត្ត យល់ព្រមឯកភាព ដូចខាងក្រោម៖
១. ទទួលស្គាល់ថាពិតជាមានការធ្វេសប្រហែសគិតគូរមិនបានដិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។ ២.វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។ ៣.តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ។
អាត្មាភាព សូមចម្រើនពរ ញាតិញោមសាធារណៈជន ក៏ដូចជាអ្នកសារព័ត៌មាន មេត្តាយោគយល់ និងទុក ពេលវេលាសម្រាប់វត្តក្នុងការស្វះស្វែងរកថវិកាដើម្បីធ្វើការកែលម្អរចនាបថនេះឡើងវិញ។