កម្លាំងសមត្ថកិច្ចចាប់ខ្លួនជំទាវ លី អ៊ុំអេង ពាក់ព័ន្ធនឹងករណី ចេញសែកស្អុយ
សៀមរាបៈ លោកជំទាវ លី អ៊ុំអេង ដែលល្បីល្បាញខាងរំលោភដីធ្លីប្រជាពលរដ្ឋនៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់ស្អុយ ក្នុងជំនួញដីធ្លីប្រមាណជា៣លានដុល្លារអាមេរិក។
លោកជំទាវ លី អ៊ុំអេង រងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភដី ប្រជាពលរដ្ឋ៩គ្រួសារ នៅខេត្តសៀមរាប។
បើតាមការអះអាងរបស់សមត្ថកិច្ច ៖
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។
បើតាមដីកាតុលាការ មុនពេលចាប់ខ្លួន ចំពោះករណីនេះគឺលោកជំទាវ លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកជំទាវ។
សូមបញ្ជាក់ថា នាពេលកន្លងទៅ មានប្រជាពលរដ្ឋចំនួន៨គ្រួសារ បានចោទលោកជំទាវ លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប។ ពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើការអំពាវនាវឱ្យ លោក ជា សុផារ៉ា ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់ពួកគាត់ផងដែរ។
ប្រភពបន្តថា មុនពេលចាប់ខ្លួនលោកជំទាវ លី អ៊ុំអេង រូបនេះ បានគេចខ្លួនពីគេហដ្ឋានរបស់ខ្លួន ក្នុងបំណងមិនទទួលខុសត្រូវ។
សូមបញ្ជាក់ថា លោកជំទាវ លី អ៊ុអេង កាលពីកន្លងទៅធ្លាប់បានរំលោភដីពលរដ្ឋនៅតំបន់ឃ្យូងយូ ៩គ្រួសារ និងធ្លាប់រងបណ្តឹងច្រើនករណីពីអាជ្ញាធរជាតិអប្សរា ករណីក្លែងឯកសាររំលោភដីធ្លីរបស់រដ្ឋ ក្នុងតំបន់ឃ្យូងយូ នៃក្រុងសៀមរាប៕