សាកល្បងបើកភ្លើងបំភ្លឺសាធារណៈ ដើម្បីទទួលព្រះរាជពិធីំមិន្ទិញបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខួបលើកទី៦៥នៅមុខបរមរាជវាំង
ភ្នំពេញ៖ មកដល់យប់ថ្ងៃទី៨វិច្ឆិការដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសាកល្បងបើកភ្លើងបំភ្លឺសាធារណៈនៅគ្រប់ទិសទី ពិសេសនៅទីតាំងប្រារព្ធព្រះរាជពិធីមិន្ទិញនៅមុខព្រះបរមរាជវាំងនិងតំបន់ជុំវិញក្រោយពីបានធ្វើការតុបតែងលម្អរភ្លើងបំភ្លឺ ជួលជុល សួនច្បារមាត់ទន្លេរួចរាល់។
ការរៀបចំតុបតែងដោយភាពយកចិត្តទុកដាក់ខ្ពស់នេះធ្វើឡើងដើម្បីស្វាគមន៍ បុណ្យឯករាជ្យជាតិ៩វិច្ឆិកាខួបលើកទី៦៥ថ្ងៃទី៩វិច្ឆិកានិងបុណ្យអុំទូកដែលនឹងចូលមកដល់នៅថ្ងៃទី២១ដល់ទី២៣ខែវិច្ឆិកាខាងមុខនេះ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើម អនុវត្តដោយធ្វើការតុបតែងភ្លើងរំយោលតាមដើមឈើមហាវិថីព្រះនរោត្តម ចាប់ពីវិមានឯករាជ្យដល់រង្វង់មូលរមណីយដ្ឋានវត្តភ្នំ និងតុបតែងភ្លើងហ្វា LED នៅដើមស្លាយក្សនៅតាមមាត់ទន្លេ ដើម្បីត្រៀមព្រះរាជពិធីបុណ្យអុំទូក។
មន្ត្រីជំនាញរដ្ឋបាលរាជធានីបានអះអាងថា៖មកដល់ពេល រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លាំងគ្រប់គ្រាន់ ក្នុងការការពារសណ្ដាប់ធ្នាប់ និងសន្តិសុខជូនប្រជាពលរដ្ឋ ដើរលេងកំសាន្ត ក្នុងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខួបលើកទី៦៥និងបុណ្យទូក អកអំបុក្រ និងសំពះព្រះខែដែលជាបុណ្យប្រពៃណីនៅពេលខាងមុខនេះ៕