ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា

46

(បន្ទាយមានជ័យ)÷ កាលពីវេលាម៉ោង០៥និង១០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាំង សុភ័ក្ត្រ នាយការិយាល័យផែនការ និងប្រតិបត្តិការ បានសហការជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នឹម សុខធិ (តឿ) ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកនូវវត្ថុតាង កាំបិតខ្វែវ ដងឈើ ចំនួន០១ដើម នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បណ្តាលឱ្យជនរងគ្រោះឈ្មោះ មឿន រ៉ាគីម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ រងរបួសត្រូវចំចុងចិញ្ចើមខាងឆ្វេង របួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។ នៅវេលាកេីតហេតុ ជនសង្ស័យបានទិញស្រាផឹកអស់ចំនួន០១លីត្រ ហើយបានយកកាំបិតខ្វែវទៅរកជីកទំពាំងនៅក្នុងភូមិ ហើយបានជួបជាមួយជនរងគ្រោះ ហើយបានឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះបានស្ទុះមកវាយលេីជនសង្ស័យ ស្របពេលនោះជនសង្ស័យបានកាប់ទៅលើជនរងគ្រោះចំនួន០១កាំបិត ត្រូវចំចិញ្ចើមខាងឆ្វេងតែម្តង ក្រោយពីកាប់រួចជនសង្ស័យបានយកកាំបិតទៅទុកនៅផ្ទះរបស់ខ្លួន។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដេីម្បីសួនាំ និងចាត់ការតាមនីតិវិធី។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា រូបខ្លួនពិតជាបានប្រេីប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង