ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យផ្លូវចំនួន ៥ខ្សែ ក្នុងស្រុកបរិបូណ៌ កំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងរួមមាន៖
ខ្សែទី១-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានប្រវែង ៣ ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានសំណង់លូមូលមុខ ១ ចំនួន ១០កន្លែង ក្រាលកៅស៊ូ ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយគ្រួស ម្ខាងៗ ១ម៉ែត្រ ។ ជាលទ្ធផលសម្រេចបាន ២០% គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤។
ខ្សែទី២-ជាប្រភេទផ្លូវបេតុង មានប្រវែង ២ ៦២០ម៉ែត្រ ស្ថិតនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)។ ជាលទ្ធផលសម្រេចបាន ៦០% គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។
ខ្សែទី៣-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៥ ៦៧០ម៉ែត្រ តភ្ជាប់ពីឃុំប្រស្នឹប ស្រុករលាប្អៀរ ទៅដល់ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ស្ថិតក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។ ជាលទ្ធផលសម្រេចបាន ៣០% គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ ។
ខ្សែទី៤-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ២០គីឡូម៉ែត្រ តភ្ជាប់ពីឃុំប្រសែប ស្រុកកំពង់ត្រឡាច ទៅដល់ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP)។ ជាលទ្ធផលសម្រេចបាន ៧០% គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤។
ខ្សែទី៥- ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១គីឡូម៉ែត្រ និង ៤៥ម៉ែត្រ បានស្ថាបនារួច ១០០% ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP)។
គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនាឱកាសនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពក្នុងការសាងសង់ ក៏ដូចជាបច្ចេកទេសផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ មានសារៈសំខាន់ណាស់ប្រៀបដូចសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាកសិករ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ។ ដូចនេះការអភិវឌ្ឍផ្លូវនៅជនបទ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដែលធានាសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕