ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ចំនួន ៧ចំណុច ដើម្បីជំរុញការលើកកម្ពស់វិស័យវប្បធម៌ឱ្យកាន់តែល្អប្រសើរ

51

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដើម្បីជំរុញការលើកកម្ពស់វិស័យវប្បធម៌ ឱ្យកាន់តែល្អប្រសើរ។

ការផ្តល់អនុសាសន៍នេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

សម្តេចបានថ្លែងថា សម្តេចសូមផ្ដល់នូវអនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោម ដើម្បីជំរុញលើកកម្ពស់វិស័យវប្បធម៌៖

ទី១៖ ការផលិត និងការច្នៃប្រឌិដ្ឋផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ដែលការណ៍នេះ ធ្វើឱ្យផលិតផលរបស់យើងពុំមានភាពប្រកួតប្រជែង។ សម្តេចស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិក្សាលើវិធានការលើកទឹកចិត្តចាំបាច់នានា ដើម្បីជំរុញការផលិត និងការច្នៃប្រឌិដ្ឋផលិតផលសិល្បៈ ឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់។

ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិសោធកម្មក្របខណ្ឌគតិយុត្តិ ពាក់ព័ន្ធឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និងកិច្ចសហការអន្តរជាតិ។

ទី៣៖ ដើម្បីពង្រឹងកិច្ចសហការ និងរៀនសូត្រពីបទពិសោធនានាទាំងក្នុង និងក្រៅប្រទេស ដែលទទួលបានជោគជ័យ លើវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ, សម្តេចសូមលើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យឯកជន ត្រូវបញ្ជូនមន្ត្រី សិល្បករ សិល្បការិនី សិប្បករទៅសិក្សាដកពិសោធន៍ និងសហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងស្រុក។ ជាមួយគ្នានេះ, គួរពង្រឹងបន្ថែមនូវកិច្ចការស្រាវជ្រាវ បោះពុម្ពផ្សាយ ព្រមទាំងប្រើប្រាស់នូវបច្ចេកទេសវិទ្យាថ្មីៗ ដើម្បីធ្វើបរមូបនីយកម្មវិស័យនេះ។

ទី៤៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និង បង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌ គ្រប់ទីតាំងនៃបេតិកភណ្ឌរូបីទាំងនោះ ឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការរំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញនូវបដិមានានារបស់ជាតិ ដែលត្រូវបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម ។

ទី៥៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍វប្បធម៌ជាតិ ឱ្យបានកាន់តែទូលំទូលាយក្នុងគ្រប់ រូបភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ សំដៅលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

ទី៦៖ សម្តេចសូមគាំទ្រ ចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ដែលបានធ្វើឱ្យវិស័យភាពយន្តភាគខ្មែរ បាន និង កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរ ។ ជាមួយគ្នានេះ, អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវសហការជួយសម្រួលផ្ដល់ទីតាំងក្នុងដែនដីរបស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាពយន្ត ។

ទី៧៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេស ចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធម និងទូលំទូលាយ៕

 

អត្ថបទដែលជាប់ទាក់ទង