ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរកម្ពុជា-ថៃ ប្តេជ្ញាពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនរវាងខេត្តឧត្តរមានជ័យ និងខេត្តបុរីរុាំ

48

ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តបុរីរុាំ របស់ប្រទេសថៃ បានធ្វើការប្តេជ្ញាចិត្តរួមគ្នាពង្រឹងសំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២។

ការប្តេជ្ញាចិត្តរួមគ្នារបស់អាជ្ញាធរខេត្តនៃប្រទេសទាំង២ បានធ្វើឡើងក្នុងឱកាសដែលលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អនុញ្ញាតឲ្យលោក ចារើន វ៉ែនផិត អភិបាលរងខេត្តបុរីរ៉ាំ និងប្រតិភូអមដំណើរជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅសាលាប្រជុំសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបពិភាក្សាការងារ អាជ្ញាធរខេត្តនៃប្រទេសទាំង២ បានប្តេជ្ញាពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជន និងប្រជាជន និងរវាងខេត្ត និងខេត្ត ដែលជាប់ព្រំដែនជាមួយគ្នា ហើយកសាងសាមគ្គីភាព រវាងប្រជាជននៅកម្ពុជា និងថៃផងដែរ។ ព្រមទាំងប្តេជ្ញារួមគ្នា បង្រ្កាបបទឆ្លងដែនគ្រប់ប្រភេទឲ្យមានប្រសិទ្ធិភាព។

លោក ប៉ែន កុសល្យ បានថ្លែងសំណូមពរដល់ភាគីថៃនៃខេត្តបុរីរុាំ ជួយពន្លឿនច្រកព្រំដែនសាយតាគូរ ឲ្យទៅជាច្រកអន្តរជាតិ ដូចច្រកព្រំដែនជប់គគីររបស់កម្ពុជា។ ជាការឆ្លើយតបភាគីថៃ បានទទួលសំណូមរបស់កម្ពុជា និងបានបញ្ជាក់ថាកំពុងជំរុញ និងពន្លឿនតាមនីតិវិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង