ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ

44

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីអំពាវនាវ សូមជម្រាបជូនឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពជុំវិញសាលារាជធានីភ្នំពេញមេត្តាជ្រាបថា៖ នាឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់ អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះ ទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាម លទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាវប្បធម៌ នៃការចែករំលែក របស់ប្រជាជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង