ក.អ.ក ៖ ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ក៏ដូចជាកម្ពុជាបាន និងកំពុងរងផលប៉ះពាល់ពីវិបត្តិសកល ជាពិសេសវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាពប្រជាពលរដ្ឋកំពុងជាប់គាំង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤» ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច, លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានប្រមាណជាង៧០នាក់ និងពី៥៤ស្ថាប័ន។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានកត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ក៏ដូចជាកម្ពុជាបាន និងកំពុងរងផលប៉ះពាល់ពីវិបត្តិសកល ជាពិសេសវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាពប្រជាពលរដ្ឋកំពុងជាប់គាំង ឬអាចនិយាយថារងនូវការប្រឈមធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
ដោយសារតែបញ្ហាខាងលើជាបញ្ហារួម ហើយព័ត៌មានទាក់ទងវិស័យសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យមានសារសំខាន់សម្រាប់អ្នកសារព័ត៌មាន ក.អ.ក នឹងរៀបចំវេទិកាខាងលើនេះ ដោយអញ្ជើញវាគ្មិនដែលមានជំនាញពិតប្រាកដមកបកស្រាយ និងវិភាគ វាយតម្លៃ ដើម្បីជាប្រយោជន៍ដល់ការសរសេរ ក៏ដូចផ្សព្វផ្សាយព័ត៌មានដល់សាធារណជន។
ក.អ.ក ចាត់ទុកវេទិកាខាងលើនេះ ជាជំនួបទ្រង់ទ្រាយធំ រវាងអ្នកជំនាញ ពាណិជ្ជករ និងអ្នកសារព័ត៌មាន ដែលមិនធ្លាប់មានពីមុនមក។ ដូច្នេះវាមិនគ្រាន់តែជាឱកាសសម្រាប់អ្នកជំនាញបានបញ្ចេញទស្សនៈ និងផ្តល់ព័ត៌មានថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកទ្បើងជាសំណួរទាក់ទិននឹងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ៕