ឧកញ៉ា តែ តាំងប៉ ស្នើឱ្យមានការទប់ស្កាត់ការនាំចូលទំនិញ មកពីប្រទេសជិតខាង ជាពិសេសទំនិញដែលគ្មានគុណភាព
ភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជា បានថ្លែងថា ផលិតផលខ្មែរមានគុណភាពល្អ មិនចាញ់ប្រទេសជិតខាងនោះទេ ខណៈប្រភេទទំនិញវិញ ក៏មានសម្បូរបែប សម្រាប់បម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។
ឧកញ៉ា តែ តាំងប៉ អះអាងបែនេះធ្វើឡើងក្នុងវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ២០២៤» ដែលរៀបចំឡើងដោយក្លឹប អ្នកកាសែតកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។
លោកបានថ្លែងបន្តថា ស្របពេលដែលការផលិតរបស់កម្ពុជា កាន់តែប្រសើរឡើង ប៉ុន្តែយ៉ាងនេះក្តី ទីផ្សារផលិតផលកម្ពុជា ហាក់មានភាពចង្អៀត ជាពិសេសនៅទីផ្សារអន្តរជាតិ។
ឧកញ៉ា តែ តាំងប៉ បានឱ្យដឹងផងដែរថា ក្នុងថ្ងៃទិវាសហគ្រាសធុនតូច និងមធ្យម (SEM Day) នាពេលខាងមុខ នឹងមានការតាំងបង្ហាញផលិតផលខ្មែរប្រមាណ ៥០០មុខ។
លោកអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាគាំទ្រផលិតផលក្នុងស្រុក រួមគ្នាធ្វើទីផ្សារ និងផ្សព្វផ្សាយទៅក្រៅប្រទេស ដើម្បីជំរុញការនាំចេញឱ្យបានកាន់តែច្រើន។ ស្របពេលជាមួយគ្នានេះ លោកបានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយ ដើម្បីនាំចេញផលិតផលខ្មែរ ទៅលក់នៅក្រៅប្រទេសផងដែរ។
ទន្ទឹមគ្នានេះ លោកស្នើឱ្យមានការទប់ស្កាត់ការនាំចូលទំនិញមកពីប្រទេសជិតខាង ជាពិសេសទំនិញដែលគ្មានគុណភាព។
បើតាមឧកញ៉ា តែ តាំងប៉ បច្ចុប្បន្ននេះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានកើនឡើងដល់ ៧០ម៉ឺនសហគ្រាស ក្នុងនោះជាង ៤ម៉ឺនសហគ្រាសបានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផលិតផលរបស់សហគ្រាសទាំងនោះមួយចំនួន មានលក់ផលិតផលនៅក្នុងម៉ាត និងផ្សារទំនើប៕