ពាក់ព័ន្ធនឹងលំនៅឋាន ដែលមានបុរី និងខុនដូនោះ នៅមិនទាន់ងើបឡើយវិញនោះទេ ដោយការទិញលក់បុរី បានធ្លាក់ចុះប្រមាណ ៥០ភាគរយ នៅឆ្នាំ២០២៣
ភ្នំពេញ៖ លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមជាវាគ្មិនវេទិកាពិភាក្សា លើប្រធានបទ «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា បានលើឡើងអំពីស្ថានភាពវិស័យអចលទ្រព្យនៅកម្ពុជា។
លោកបន្តថា បើនិយាយពីវិស័យអចលនទ្រព្យ គឺចែកចេញជា៤ ផ្នែក និង ១អនុវិស័យរួមមាន៖ ផ្នែកលំនៅឋាន, អចលនទ្រព្យបែបពាណិជ្ជកម្ម, អចលនទ្រព្យប្រភេទឧស្សាហកម្ម, អចលនទ្រព្យប្រភេទកសិកម្ម និងដីឡូដ៍។
ពាក់ព័ន្ធនឹងលំនៅឋាន ដែលមានបុរី និងខុនដូនោះ នៅមិនទាន់ងើបឡើយវិញនោះទេ ដោយការទិញលក់បុរី បានធ្លាក់ចុះប្រមាណ ៥០ភាគរយ នៅឆ្នាំ២០២៣។ ចំណែកឯខុនដូវិញ មានការកើនឡើងត្រឹមតែ ០.២ភាគរយប៉ុណ្ណោះ នេះជាសញ្ញាល្អ។
អចលនទ្រព្យបែបពាណិជ្ជកម្ម ដែលមានអគារការិយាល័យ ផ្សារទំនើប និងសណ្ឋាគារនោះ។ ចំពោះការជួលអគារការិយាល័យ នៅមិនទាន់ល្អនោះទេ ចាប់តាំងពីមានវិបត្តិជំងឺកូវីដ១៩មក។ ផ្សារទំនើប ក៏មានផលប៉ះពាល់ដែរ ដោយសារកំណើននៃការលក់តាមអនឡាញ ហើយចំណង់ចំណូលចិត្ត របស់ពលរដ្ឋភាគច្រើនទៅផ្សារទំនើប ជាការកម្សាន្ត និងហូបអាហារប៉ុណ្ណោះ ពិសេសផ្សារទំនើបថ្មីៗ តូចៗ មានសភាពស្ងាត់។ សណ្ឋាគារវិញ មានការរើបឡើងវិញមួយចំនួន ទៅតាមតំបន់។
អចលនទ្រព្យប្រភេទឧស្សាហកម្មវិញ សង្កេតឃើញថាកំណើនតម្រូវការ អចលនទ្រព្យភេទនេះមានកើនឡើង ដើម្បីបើកដំណើរការរោងចក្រ។
ចំណែកអចលនទ្រព្យប្រភេទកសិកម្ម ក៏ចាប់ផ្តើមមានតម្រូវការផងដែរ ពិសេសដីសម្រាប់ធ្វើកសិដ្ឋានធំៗ ប៉ុន្តែដីនោះត្រូវមានប្រភពទឹក ភ្លើង និងផ្លូវចូល។
ដោយសម្រាប់វិស័យដីឡូដ៍ ដែលមានការចម្រូងចម្រាសច្រើន នាពេលកន្លងមកនេះ។ ដីឡូដ៍ ត្រូវបានបែងចែងជាពីរ៖ ទី១ ដីដែលអភិវឌ្ឍន៍មិនច្បាស់លាស់ គ្មានបណ្ណបំបែកក្បាលដី ទីតាំងគម្រោងគ្មានទឹក ភ្លើង ប្រព័ន្ធលូ គឺភាគច្រើនជួបបញ្ហារវាងអ្នកលក់ និងអ្នកទិញ។ ទី២៖ ដីឡូដ៍ ដែលមានហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់វិញ មានបណ្ណបំបែកក្បាលដីរួច ធ្វើលំនៅឋានបាន គឺនៅមានតម្រូវការនៅឡើយ។
លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានប្រាប់ពីគន្លឹះ ក្នុងការមើលអចលនទ្រព្យ មុននឹងសម្រេចចិត្តវិនិយោគ ដែលទទួលបានផលចំណេញ ជៀសវាងជួបហានិភ័យ។
លោក ស៊ន សៀប បានលើកឡើងថា ដើម្បីទិញអចលនទ្រព្យ មិនសូវមានហានិភ័យ ដែលមានន័យថា ទិញហើយបានទ្រព្យ ទិញហើយអត់ជាប់រឿង ទិញហើយអត់គាំង និងអាចរស់នៅបាន អាចជួលបាន អាចលក់បាន គឺត្រូវមើលលើលក្ខខណ្ឌចំនួនរួមមាន៖
ទី១៖ ទីតាំង (ទីតាំងជិតកន្លែងធ្វើការ, ទីតាំងដែលជាកន្លែងកំពុងអភិវឌ្ឍន៍, ចង់ប្ដូរទីតាំងលំនៅដ្ឋាន ឬក៏ទីតាំងសម្រាប់ឃ្លាំង, រោងចក្រ, សណ្ឋាគារ -ល- ជាដើម) គឺអាស្រ័យទៅលើការចង់បានរបស់អ្នកទិញ តើមានតម្រូវការមួយណា។
ទី២៖ សុវត្ថិភាព (បើសិនជាទីតាំងនោះ គ្មានសុវត្ថិភាព នៅពេលទិញហើយ អចលនទ្រព្យនោះ ក៏មិនសូវមានការឡើងថ្លៃដែរ ជាពិសេសត្រូវស្គាល់ពីម្ចាស់នៃទីតាំង ហើយត្រូវដឹងថា ទីតាំងនោះ មានជាប់បណ្ដឹងឬអត់ និងលក្ខខណ្ឌក្នុងការបង់ប្រាក់)។
ទី៣៖ មានភាពងាយស្រួល ក្នុងការរស់នៅ និងទីតាំងនោះអាចបង្កើតចំណូលបាន (ដែលទីតាំងមានផ្សារ, សាលារៀន, មន្ទីរពេទ្យ និងតាមបណ្ដាខេត្ដ ដែលជាប់ព្រំដែន ជាដើម -ល-)។
ទី៤៖ ទីតាំងទិសដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល (ទីតាំងដែលមានសក្ដានុពល ដូចជា៖ ភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុ ជាដើម -ល-)។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា «ប្រភេទអចលនទ្រព្យ ដែលបានលើកឡើងនេះ គឺជាប្រភេទអចលនទ្រព្យ ដែលមានតម្រូវការ»។
លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា វិស័យចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០២៤នេះ មានភាពវិជ្ជមានជាងឆ្នាំ២០២៣។
លោក ស៊ន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០២៤នេះ ក៏នៅតែលំបាក ប៉ុន្ដែខ្ញុំឃើញសញ្ញាធៀបជាមួយនឹងឆ្នាំ២០២៣ មានភាពវិជ្ជមានជាងមុន ប៉ុន្ដែដល់ពេលដែលយើងកំពុងតែលំបាកអីចឹង គឺយើងអាចមើលឃើញថា វាមិនឃើញកំណើនខុសគ្នាទេ»។
ទន្ទឹមគ្នានេះ ប្រធានសមាគមរូបនេះ បានបង្ហាញក្ដីរំពឹងថា វិស័យចលនទ្រព្យនៅកម្ពុជា នឹងត្រឡប់ទៅរកស្ថានភាពល្អឡើងវិញ នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។
លោកបានលើកឡើងថា អចលនទ្រព្យតាមការសង្កេតរបស់លោក បន្ទាប់ពីសេដ្ឋកិច្ចធ្លាក់ចុះប្រហែលជា ៦ខែ ទៅ១ឆ្នាំ គឺចាប់ផ្ដើមចុះតាមក្រោយដែរ ហើយនៅដែលសេដ្ឋកិច្ចឡើង ៦ខែទៅ១ឆ្នាំឡើងដែរ។
លោកជឿជាក់ថា ខេត្ដព្រះសីហនុនឹងមានការរីកចម្រើន ដូចបណ្ដាទីក្រុង ដែលជាប់សមុទ្ររបស់ប្រទេសចិន ជាហេតុធ្វើឲ្យអ្នកវិនិយោគចិន មកវិនិយោគនៅទីក្រុងព្រះសីហនុច្រើន៕