បុណ្យឯករាជ្យជាតិ ក្នុងបរិបទកម្ពុជា ពោរពេញទៅដោយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៥ ដោយបានសម្តេចបានថ្លែងថា
នេះគឺជាការប្រារព្ធបុណ្យ ឯករាជ្យជាតិកម្ពុជាប្រកបដោយមោទនភាព និងស្ថិតនៅក្នុងបរិបទកម្ពុជា ពោរពេញទៅដោយសុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ និងពលរដ្ឋខ្មែរពោរពេញទៅដោយសេចក្តីសុខ និងប្រទេសជាតិពោរពេញ ទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ។
នៅព្រឹកថ្ងៃសុក្រទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី ៦៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៥ ឆ្នាំនេះគឺប្រារព្ធធ្វើធំនៅទីតាំងវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង ដោយមានការចូលរួមពីមហាជន មន្រ្តីរាជការ យុវជន យុវតី ព្រមទាំងមានមានពិធីដើរព្យុះហយាត្រាជាច្រើនទៀតផងដែរ។
បន្ទាប់ពីពិធីព្រះរាជពិធីគោរពទង់ជាតិ ព្រះរាជពិធីថ្វាយកម្រងផ្កា ថ្វាយភ្លើងជ័យ ព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធ និងព្រះរាជពិធីសាសនារួចហើយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងស្វាគមន៍មន្ត្រីអង្គទូតនានា សាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជន សិស្សនិស្សិត ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ និងបន្ទាប់មកព្រះអង្គបានយាង ក្នុងព្រះរាជដំណើរព្យុហយាត្រាមកកាន់មុខព្រះបរមរាជវាំង ដើម្បីធ្វើព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។
នៅមុខព្របរមរាជវាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ថ្វាយព្រះមហាក្សត្រប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោមៈ
“៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើង ដើម្បីរំលឹកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នេះគឺជាការប្រារព្ធបុណ្យ ឯករាជ្យជាតិកម្ពុជាប្រកបដោយមោទនភាព និងស្ថិតនៅក្នុងបរិបទកម្ពុជាពោរពេញទៅដោយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងពលរដ្ឋខ្មែរពោរពេញទៅដោយសេចក្តីសុខ និងប្រទេសជាតិពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ។ សម្តេចតេជោ បានសំដែងនូវការដឹងគុណចំពោះ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានទាមទាឯករាជ្យ ជូនជាតិមាតុភូមិ រហូតដល់សព្វថ្ងៃនេះ។ សម្ដេចតេជោ សូមគោរពដឹងគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលះបង់កូនចៅ ប្តី ប្រពន្ធ និងសាច់ញាតិក្នុងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីការពារជាតិមាតុភូមិយើងនៅគ្រប់ៗជំនាន់។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញអនុវត្ត នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្ត ដោយប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅ ចម្បងជាយុទ្ធសាស្ត្ររួមមាន៖
១)បន្តកសាងប្រទេសជាតិឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ សីលធម៌សង្គម សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីជីវភាពសម្បូរសប្បាយ របស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារសហគមន៍ និងសង្គមជាតិទាំងមូល។
២)ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាតរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមកម្ពុជា។
៣)បន្តដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងជំរុញអនុវត្តយុទ្ធសាស្ត្ររបស់ព្រំដែន ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ និងមិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសជិតខាង។
៤)ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមាន ហិរញ្ញប្បទានភេរវកម្ម ទប់ស្កាត់ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។
បន្ទាប់ពីសុន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែន រួចហើយ គឺព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងថ្លែងសុន្ទរកថា ជាបន្តជូនដល់ប្រជារាស្រ្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងយុវជនយុវតី ដែលយើងសង្ខេបផ្សាយជូននៅក្នុងផូស បន្ទាប់នេះ៕