គម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ
ភ្នំពេញ៖ គម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ត្រូវបានក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ធ្វើបទបង្ហាញជូនគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យស្នើសុំធាតុចូលបន្ថែម ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group អំពីគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ជាអនុប្រធាន និងជាសមាជិកគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group អំពីទស្សនាទានជារួមរបស់ទីក្រុងភ្នំពេញរួមមានទំហំទីក្រុង ចំនួនប្រជាពលរដ្ឋ ស្ថានភាពនៃការប្រើប្រាស់ផ្លូវថ្នល់ ក៏ដូចជាពិនិត្យលទ្ធភាពដំបូងលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសវតាខ្លះៗកន្លងមកនៃការសិក្សាសមិទ្ធិលទ្ធភាពលើប្រទេសរថភ្លើងផ្សេងគ្នា ពីស្ថាប័នផ្សេងៗ ដើម្បីពិនិត្យមើលជម្រើសដែលសមសម្របសម្រាប់ទីក្រុងភ្នំពេញ រួមមានការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង AGT ដោយ JICA ជប៉ុន ការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង Monorail ដោយក្រុមហ៊ុន CCECC និងការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទផ្លូវរថភ្លើងក្រោមដី ដោយក្រុមហ៊ុន CCCC ផងដែរ។
សូមជម្រាបថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិនរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ដោយក្នុងនោះនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចឈ្វេងយល់អំពីការអភិវឌ្ឍគម្រោងផ្លូវរថភ្លើងក្រោមដី(Metro) ក្នុងទីក្រុងក្វាវចូវ សាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់ដោយក្រុមហ៊ុន Guangzhou Metro Group រួមសម្របសម្រួលដោយក្រុមហ៊ុន China Metro Group។ ស្ថានីយរថភ្លើង Guangzhou Metro នេះជាស្ថានីយរថភ្លើងមួយ ស្ថិតក្នុងខេត្តក្វាងទុង នៃប្រទេសចិន ដែលមានប្រមាណ៥០ខ្សែ សរុបប្រវែងប្រមាណ ២.០០០គីឡូម៉ែត្រ រត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធឌីជីថលសម្រាប់តាមដាន និងគ្រប់គ្រងដំណើរការរបស់រថភ្លើង និងស្ថានីយទាំងមូល៕