ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូងខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទ២រូបបន្ថែមទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន របស់ជនសង្ស័យ ឡេង ចាន់ណា

35

 

ខេត្តសៀមរាប ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ការនាំខ្លួន និងឃុំខ្លួន ជនត្រូវចោទបន្ថែម ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ក្រុមហ៊ុន ប៊ីលាន ស៊ីធី មើលដ៍ ឯ.ក។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណជន និង របបសារព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ២ រូប ឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បី សួរចម្លើយ ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ២ រូប ខាងលើ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនបន្ថែមថា សាលាដំបូងខេត្តសៀមរាបនឹង បន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ជាធរមាន។ សាលាដំបូងខេត្តសៀមរាប នឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ក្រោយទៀត នៅពេលមានចំណាត់ការថ្មី៕

អត្ថបទដែលជាប់ទាក់ទង