ដឹងការពិតហើយ ! មេក្រូដែលលើកបញ្ឈរលើដំបូលរោងទាំង១៨នោះ តាមពិតមិនមែនមង្គលការទេ គឺជាពិធីអបអរឡើងគេហដ្ឋានថ្មីមេជាងមេក្រូ លើរោងពិធីឱ្យមានការប្លែកអារម្មណ៍
ខេត្តកំពត៖ តាមពិតមិនមែនមង្គលការទេ គឺឡើងផ្ទះជាងជួសជុលមេក្រូ…នៅបណ្តាញសង្គមនិងប្រភពព័ត៌មាននានា កាលពីយប់ថ្ងៃទី២១ មីនា រហូតមកដល់ថ្ងៃទី២២ មីនា មានការបង្ហោះចែកចាយគ្នាពីមួយទៅមួយ ធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយសារតែគេឃើញរោងពិធីមួយមានបំពាក់ដោយមេក្រូជាច្រើនគ្រឿង ដែលមិនធ្លាប់មានទេនាពេលកន្លងមក បើមានច្រើនណាស់២មេក្រូប៉ុណ្ណោះ តែករណីបង្កការចាប់អារម្មណ៍នេះមានច្រើន និងបានក្លាយទៅជារឿងចម្លែកមួយ ។ នេះបើតាមការលើកឡើងរបស់គណនីហ្វេសប៊ុកឈ្មោះ Reth Mony នៅថ្ងៃទី២២ខែមីនាឆ្នាំ២០២៤នេះ។
តាមពិតទៅនោះគឺរោងពិធីឡើងផ្ទះរបស់ជាងជួសជុលមេក្រូឈ្មោះ ណេម ដែលឡើងគេហដ្ឋានថ្មីនៅភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។
ពិធីឡើងគេហដ្ឋានថ្មីនេះគឺនៅថ្ងៃចូលរោងសូត្រមន្តនារសៀលទី២១ ខែមីនា ឆ្នាំ២០២៤ ហើយជប់លៀងធំថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ។ មិនអាចស្វែងរកការសម្ភាសន៍ផ្ទាល់ជាមួយជាងមេក្រូម្ចាស់ពិធីរូបនេះបានទេ តែអ្នកភូមិម្នាក់មានផ្ទះក្បែរគ្នាបានឱ្យដឹងថា ជាងជួសជុលមេក្រូធ្វើពិធីឡើងគេហដ្ឋានថ្មី ហើយគាត់បានលើកមេក្រូចំនួន១៨ដាក់បញ្ឈរលើរោងពិធីឱ្យមានការប្លែកអារម្មណ៍ ព្រោះកម្មវិធីកន្លងមកកម្រមានមេក្រូច្រើនបែបនេះណាស់ ។
មេក្រូដែលលើកបញ្ឈរលើដំបូលរោងទាំង១៨នោះ មិនមានការចាក់ភ្លេងឱ្យឮទាំងអស់នោះទេ ហើយការចាក់បទចម្រៀង ឬបទភ្លេងច្រើននិយមចាក់ភ្លេងការ ទើបមជ្ឈដ្ឋានខ្លះថាជារោងការ តែមិនមែននោះទេ គឺជាពិធីអបអរឡើងគេហដ្ឋានថ្មីមេជាងមេក្រូ ។ គេបានគិតថា បើមេក្រូតែ២ចាក់ម្តងៗ ថ្លង់និយាយគ្នាស្តាប់មិនបានទៅហើយ លាន់ឮរំពងពេញភូមិទៅហើយ ចុះទម្រាំ១៨មេក្រូ បែរទៅគ្រប់ទិស តើវាថ្លង់កក្រើកកម្រិតណាទៅ ? នេះគឺជាការសម្តែងឫទ្ធិមួយឱ្យវាប្លែកគេ ប្លែកឯង ព្រោះសុទ្ធតែជាមេក្រូដែលគេយកមកជួសជុល ម៉្លោះហើយ សាកសំឡេងតែម្តងទៅ ឮដែរអត់ ?