ក្រសួងការងារប្រកាសបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វ៉យី & ដាប់បលយូ ហ្គាមេន
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន វ៉យី & ដាប់បលយូ ហ្គាមេន (Y & W GARMENT CO., LTD.)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា ក្រសួង បានចាប់ផ្ដើមបើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៅសាលាខណ្ឌដង្ក រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ ដោយបានដំណើរការយ៉ាង រលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករនិយោជិតទាំងអស់។
គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ មានបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ៩៧២នាក់ បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួន។ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករនិយោជិតដែលមានការងារថ្មីនោះ ក្រុមការងារក្រសួងក៏នឹងធ្វើការបើកផ្តល់ នៅថ្ងៃសៅរ៍ ទី២៣, ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ទៀត ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០ នាទីល្ងាច។ ក្រសួងក៏មានផ្តល់ជូននូវទឹកសុទ្ធ ភេសជ្ជៈ និងអាហារសម្រន់ជូនបងប្អូនផងដែរ។ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ សូមត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលមានកិច្ច សហការល្អ និងសូមជូនពរបងប្អូនកម្មករនិយោជិតដែលមានការងារថ្មីរួចហើយ ឱ្យទទួលបានការរីកចម្រើន។ ចំពោះបងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងបន្តប្រចាំការនៅខាងមុខសាលាខណ្ឌ ដង្កោ និងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
រដ្ឋបាលខណ្ឌដង្កោ បានឲ្យដឹងថា នៅថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣:០០នាទីរសៀល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានសម្របសម្រួលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករ កម្មការិនី នៃក្រុមហ៊ុនវាយ & ដាប់បែលយូ នៅសាលាខណ្ឌដង្កោ៕