ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចត្រីក្នុងចំការអស់រាប់រយគីឡូ ម្ចាស់ខឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមឃ្លាំមើលរហូតចាប់ខ្លួនបានម្នាក់

80

តាកែវ៖ ត្រីចិញ្ចឹមក្នុងចំការរាប់រយគីឡូក្រាមត្រូវបានក្រុមចោរលួចជាបន្ដបន្ទាប់ រហូតម្ចាស់ចំការខឹង សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីតាមឃ្លាំមើល និងឈានដល់ការចាប់ខ្លួនបានម្នាក់ នៅវេលាម៉ោង៣៖៣០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្នុងចំការស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមការរៀបរាប់របស់ម្ចាស់ចំការឈ្មោះ យឹម បញ្ញា បានបញ្ជាក់ថា ត្រីចិញ្ចឹមក្នុងស្រះរបស់គាត់ត្រូវបានក្រុមចោរលួចជាប្រចាំ ដែលការបាត់បង់អស់រាប់រយគីឡូក្រាម។ លោកថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ក្រុមចោរមានគ្នា៤នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ បានចូលមកលួចឆក់ត្រីរបស់គាត់ ពេលនោះម្ចាស់ចំការឃើញពួកចោបម្រុងកាប់ម្ចាស់ចំការថែមទៀតផង ដោយសារឃើញក្រុមចោរមានដាវទេីបម្ចាស់ចំការមិនហ៊ានតបត បណ្ដោយឲ្យក្រុមចោរទាំងនោះរត់គេចខ្លួនអស់។

ដោយសារតែការខាតបង់ច្រើនពេក ម្ចាស់ចំការ បានស្នើសុំកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន មានទាំងមេភូមិ និងមេប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីដាក់កម្លាំងតាមឃ្លាំមើល។ រហូតដល់យប់ទាបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ក៏ឃើញក្រុមចោរដដែលមានគ្នាពីរនាក់ចូលមកធ្វើសកម្មភាពលួចឆក់ត្រីម្តងទៀត​ ពេលនោះលោកមេភូមិ និងម្ចាស់ចំការ បានដេញប្រផាប់ចាប់ប្រផីង និងចាប់ខ្លួនបានម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់។

ក្រោយចាប់បានម្ចាស់ចំការបានប្រគល់ជនសង្ស័យ ឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់ការបន្ដតាមនីតិវិធី។ ជាមួយគ្នានេះ ម្ចាស់ចំការ លោក យឹម បញ្ញា បានសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ច មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនសង្ស័យនេះ និងបន្ដស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ ខណៈពួកគាត់ដែលជាប្រជាពលរដ្ឋខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន ដោយសារក្រុមជនសង្ស័យទាំងអស់នេះ។

លុះនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់បានឆ្លើយសារភាព និងចង្អុលបង្ហាញបក្ខពួកម្នាក់ ហើយក៏ត្រូវសមត្ថកិច្ចចុះទៅនាំខ្លួនមកធ្វើការសួរនាំ។

ជនសង្ស័យទាំងពីរនាក់នេះ ឈ្មោះ​ កែវ​ គា​​ អាយុ​២៧ឆ្នាំ​ រស់​នៅ​ភូមិ​ព្រៃ​ក្តួច​ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងឈ្មោះ ខាត់​ សារ៉ាន់​​ អាយុ​២៩ឆ្នាំ​ រស់​នៅ​ភូមិ​ព្រៃ​ក្តួច​ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង