ក្រសួងការងារ ជូនដំណឹង ស្តីពីការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវរ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវរ (ខេមបូឌា) ឯ.ក(R.G FOOTWEAR (CAMBODIA) CO., LTD.)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ អ.ជី ស្លូតដែរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជ្រាបថា ដោយសារឧបទ្ទវហេតុអគ្គិភ័យឆេះរោងចក្រទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ធ្វើឱ្យរោងចក្រមិនអាចស្តារលទ្ធភាពដំណើរការអាជីវកម្មឡើងវិញក្នុងពេលឆាប់ៗបានឡើយ។
ក្នុងកាលៈទេសៈមិនប្រាកដអំពីពេលវេលា និងលទ្ធភាពនៃការស្វែងរកទុនបន្ថែមថ្មីដើម្បីជួសជុល សាងសង់ និងបំពាក់សម្ភារ បរិក្ខារ ឡើងវិញ រោងចក្របានប្រកាសបិទដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឱ្យកិច្ចសន្យាការងាររបស់បងប្អូនកម្មករ និយោជិតទាំងអស់ ត្រូវបានរំលាយផងដែរ។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោះអញ្ជើញតំណាង រោងចក្រមកជួបពិភាក្សាអំពីការទូទាត់អត្ថប្រយោជន៍តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។ ជាលទ្ធផល បើទោះបី រោងចក្រកំពុងខ្វះខាតថវិកាទូទាត់ទៅភាគីជាច្រើនក៏ដោយ ក៏ម្ចាស់រោងចក្រនឹងផ្តល់អាទិភាពខិតខំស្វែងរកថវិកា ពីប្រភពនានាមកបើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សងៗ ជូនបងប្អូនកម្មករនិយោជិត ស្របទៅតាមច្បាប់ ស្ដីពីការងារឱ្យបានមុនគេ។
ដោយហេតុថា រោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លី ហើយបងប្អូនកម្មករ និយោជិតប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) ដូច្នេះ បងប្អូនកម្មករនិយោជិតនឹងទទួលបាន ចំនួន ៣ចំណុច ដូចខាងក្រោម៖
១. ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ (មាត្រា១១៦)
២. ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)
៣. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥% (មាត្រា៧៣)
សូមបងប្អូនកម្មករនិយោជិតអញ្ជើញទៅសាលាស្រុកអង្គស្នួល ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅ ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក តទៅ ទៅតាមបញ្ជីឈ្មោះ និងលេខរៀង ដែលក្រសួងនឹងបិទផ្សាយនៅ សាលាស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មុនបើកប្រាក់។
សូមបងប្អូនកម្មករនិយោជិត យកមកជាមួយនូវឯកសារដូចខាងក្រោម៖
១. ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែន ២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) ដែលនឹងដាក់ប្រចាំការនៅខាងមុខរោងចក្រចាប់ពី ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ តទៅ និងនៅមុខសាលាស្រុកអង្គស្នួល នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្រសួងសូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ ដែលមានការទទួលខុសត្រូវខ្ពស់ និងខិតខំរកថវិកាមកបើកជូនកម្មករនិយោជិតតាមច្បាប់ស្ដីពីការងារ និងតាមសំណូមពររបស់ក្រសួង ជាពិសេសសូមអរគុណដល់បងប្អូន កម្មករនិយោជិតដែលបានរក្សាភាពស្ងប់ស្ងាត់ ប្រកបដោយមនោសញ្ចេតនាចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុនេះ និងទុកឱកាសឱ្យក្រសួង និងរោងចក្ររួមគ្នាដោះស្រាយបញ្ហានេះដោយសន្តិវិធី។
សូមបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញទៅ បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួនតាមពេលវេលា និងទីតាំងកំណត់កុំបីខាន៕