ទើបតែត្រៀមធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនប្រដាប់អាវុធ២នាក់ និងកាំភ្លើងខ្លីម៉ាក CF98-9
កណ្ដាល៖ កម្លាំងនគរបាលខេត្តកណ្តាលបានចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រៀមធ្វើសកម្មភាពប្លន់ និងកាំភ្លើងខ្លីម៉ាក CF98-9 ១ដើមគ្រាប់ចំនួន២០គ្រាប់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី ចំណុចផ្ទះជនសង្ស័យ ភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នៅវេលាម៉ោងខាងលើ កម្លាំងជំនាញ បានទទួលព័ត៌មានថា ៖ មានជនសង្ស័យ ត្រៀមធ្វើសកម្មភាពប្លន់ កងកម្លាំងជំនាញ បាន ចុះប្រតិបត្តិការ បង្រ្កាបទទួលបានលទ្ធផល ដូចខាងក្រោម៖
១-ឈ្មោះ កែវ ក្រូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន)។
២-ឈ្មោះ សយ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣-ឈ្មោះ សយ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។
ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការ លោកស្នងការរង និងមានការសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកណ្ដាល កងកម្លាំងជំនាញ បានធ្វើការឆែកឆេរនិងចាប់យកវត្ថុតាង ៖ កាំភ្លើងខ្លីម៉ាក CF98-9 លេខ៖ 00498007236, គ្រាប់ចំនួន២០គ្រាប់ សម្បកកាទូសចំនួន ១ អាវុធច្នៃបាញ់គ្រាប់កាំកង់២ដើម ជញ្ជីងថ្លឹងថ្នាំញៀន១ ម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀន៣កញ្ចប់ធំ ខោអាវប៉ារ៉ា១ កំប្លេ ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
ជនសង្ស័យបានឆ្លើយថា ខ្លួនធ្លាប់ឲ្យឈ្មោះ សយ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ សយ យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង២រស់នៅភូមិវែងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើសកម្មភាព យកកាំភ្លើងម៉ាក CF98-9 របស់ខ្លួនទៅប្លន់យកបានម៉ូតូម៉ាក SERUS ១គ្រឿង ក្នុងខែតុលាឆ្នាំ២០១៨ មិនចាំថ្ងៃ។ ចំពោះកាំភ្លើងខ្លី ខ្លួនបានទិញពីឈ្មោះ ល័ក្ខ ភេទប្រុស អាយុខ្ទង់២៨ឆ្នាំ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស ទាក់ទងតាមទូរស័ព្ទចេញពីពន្ធនាគារ លក់(តម្លៃ២.០០០ដុល្លារ) ហើយគេប្រាប់ឲ្យខ្លួនទៅយកនៅទំនប់កប់ស្រូវ(ទិញដើមខែសីហាឆ្នាំ២០១៨) និងជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ចំពោះមុខជនសង្ស័យមានដីកាចាប់ខ្លួនលេខ ៖ ០១០ ដ.ក.ប.ច ខ/១៧ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចេញដោយលោកចៅក្រម គឹម ម៉េង។
នៅថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញស្រាវជ្រាវ ឃាត់ខ្លួនបានឈ្មោះ សយ យ៉ា នៅចំណុចភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវចាត់ការតាមនីតិវិធី ៕