បើកគោរយន្តកែច្នៃឡើងវត្តស្រះខ្ចៅ រអិលធ្លាក់ផ្លូវក្រឡាប់ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៧នាក់
ខេត្តកំពង់ធំ ៖ គោរយន្តកែច្នៃមួយគ្រឿង បានបើកឡើងទៅវត្តសុធារោរ័ត្ននារាម ហៅវត្តស្រះខ្ចៅ ភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាឲ្យក្រឡាប់ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់៦នាក់ និងរបួសស្រាលម្នាក់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥រសៀល ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបរគោយន្ដកែច្នៃឈ្មោះ ហ៊ិន ម៉ូវ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិមានាវ សង្កាត់ស្រយ៉ូវ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរងរបួសស្រាល ហើយបន្ទាប់កើតហេតុ រតគេចខ្លួនបាត់។ ចំណែកអ្នករួមដំណើរ លើគោយន្ដកែច្នៃចំនួន៧នាក់ រួមមាន ៖ ១-ឈ្មោះ ឈុំ.ស៊ីម ភេទប្រុស អាយុ៧០ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យឯកជន៥១៥ កំពង់ធំ ត្រូវជាឱពុកក្មេកអ្នកបើកបរគោយន្តកែច្នៃ)។ ២-ឈ្មោះ ព្រំ ណាត ភេទស្រី អាយុ៦០ឆ្នាំ របួសធ្ងន់។ ៣-ឈ្មោះ ជុំ គាម ភេទស្រី អាយុ៦១ឆ្នាំ របួសធ្ងន់។ ៤-ឈ្មោះ ធាយយេន ភេទស្រី អាយុ៧៦ឆ្នាំ របួសធ្ងន់។ ៥-ឈ្មោះ ឃុយ ណាន់ ភេទប្រុស អាយុ៥៦ឆ្នាំ របួសធ្ងន់។ ៦-ឈ្មោះ តុប ថាវ ភេទស្រី អាយុ៧២ឆ្នាំ របួសធ្ងន់។ ៧-ឈ្មោះ ទិត គីន ភេទស្រី អាយុ៧៣ឆ្នាំ របួសធ្ងន់។ អ្នកទាំង៧នាក់ នៅភូមិ ឃុំជាមួយអ្នកបើកបរគោយន្ដកែច្នៃ ។
មូលហេតុនៃគ្រោះថ្នាក់ គឺបង្កឡើងដោយគោយន្តកែច្នៃ ចាប់ហ្វ្រាំងមិនជាប់ ហើយរអិលចុះពីជម្រាលផ្លូវ ឡើងភ្នំវត្តស្រះខ្ចៅ បណ្តាលឲ្យគោយន្ដកែច្នៃក្រឡាប់ ៕