រថយន្តក្រុមហ៊ុនស្រាបៀអង្គរ បុកម៉ូតូ ស្លាប់បុរសម្នាក់ និងម្នាក់ទៀតរបួសធ្ងន់
កណ្ដាលៈ រថយន្ដមួយគ្រឿងរបស់ក្រុមហ៊ុនស្រាបៀអង្គរ បើកដោយល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញមួយទំហឹង ធ្វើឲ្យម៉ូតូ និងអ្នកបើកបរម៉ូតូគៀបជាប់ ជាមួយរថយន្ដ អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ។ ហតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើង កាលពីវេលាម៉ោង២៣យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្សារថ្នល់ទទឹង ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត ពុំទាន់ស្គាល់អត្ដសញ្ញាណ អាយុប្រហែល២៤ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1FA-0582 និងអ្នករួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ អាយុប្រហែល២៥ឆ្នាំ ។ ចំណែករថយន្ដម៉ាកFUSO បិតស្លាកស្រាបៀអង្គរ ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 3A-1542 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកFUSO របស់ក្រុមហ៊ុនស្រាបៀអង្គរ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបំបែកជា៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង បានបត់ឆ្លងផ្លូវចូលទៅលេខ៥១ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូជនរងគ្រោះ រួមទាំងជនរងគ្រោះទាំង២នាក់ គៀបជាប់ជាមួយរថយន្ដអូសជាច្រើនម៉ែត្រ ធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយ ដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង កសាងសំណុំរឿង បញ្ជូនយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕