ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណុំរឿងព្រហ្មទណ្ឌទាក់ទង នឹងជនត្រូវចោទឈ្មោះ កឹម សុខា កំពុងស្ថិតក្នុងសមត្ថកិច្ច របស់ចៅក្រមស៊ើបសួរ

143


ភ្នំពេញ៖ ការដែលទណ្ឌិត សម រង្ស៊ី និយាយថា ការឃុំខ្លួនលោក កឹម សុខា នឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការអ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌទាក់ទង នឹងជនត្រូវចោទឈ្មោះ កឹម សុខា បច្ចុប្បន្នកំពុងស្ថិតក្នុងសមត្ថកិច្ច របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។ ចៅក្រមស៊ើបសួរ ត្រូវសម្រេចអំពីចំណាត់ការនានា លើសំណុំរឿងនេះ តាមឆន្ទានុសិទ្ធិ ដោយឯករាជ្យរបស់ខ្លួន និងដោយផ្អែកលើអង្គហេតុ ភស្តុតាង ព្រមទាំងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទទួលសម្ពាធពីបរទេស ឬបុគ្គលណាមួយឡើយ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ១១ វិច្ឆិកា ២០១៨ បានលើកឡើងថា ក្រសួងយុត្តិធម៌កម្ពុជា បានចេញមកច្រានចោលចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលថា ការឃុំខ្លួនលោក កឹម សុខា នឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ ទន្ទឹមនឹងការច្រានចោលក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ បានចាត់ទុកការលើកឡើងរបស់ទណ្ឌិត ដែលតែងតែរត់គេចពីសំណាញ់ច្បាប់រូបនេះថា ជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ ដែលទណ្ឌិត សម រង្ស៊ី គួរសាកសួរព័ត៌មានអំពីរឿងនេះ ឲ្យបានច្បាស់លាស់ជាមួយមេធាវីរបស់ជនត្រូវចោទ កឹម សុខា ត្បិតលោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុងរបប នៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការផ្តល់នូវអំណះអំណាងអំពីច្បាប់ដោយមានលក្ខណៈជាការបំភ្លៃ និងបំភ័ន្តដែលអាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំអំពីការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ដោយតុលាការដែលជាស្ថាប័នឯករាជ្យ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងយុត្តិធម៌ បានអះអាងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសជាប្រភេទបទល្មើសក្បត់ជាតិ តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបទឧក្រិដ្ឋនេះ មានទោសជាប់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ។

មួយវិញទៀត លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។

“យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឃុំខ្លួនដែលសម្រេចឡើង ដោយចៅក្រមស៊ើបសួរសម្រាប់បទឧក្រិដ្ឋ គឺអាចមានរយៈពេល ៦ខែ និងអាចពន្យារពេលម្តងបាន ៦ខែចំនួនពីរដង។ ការណ៍ដែលទណ្ឌិត សម រង្ស៊ី ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនិយាយថា ការឃុំខ្លួននឹងត្រូវបញ្ចប់យ៉ាងយូរនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ គឺជាការអះអាងដោយមិនចេះច្បាប់ និងខ្វះការយល់ដឹងអំពីនីតិវិធីតុលាការ ដែលទណ្ឌិត សម រង្ស៊ី គួរសាកសួរព័ត៌មានអំពីរឿងនេះ ឱ្យបានច្បាស់លាស់ជាមួយមេធាវីរបស់ជនត្រូវចោទ កឹម សុខា ត្បិតអីលោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុងរបប នៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ (ភាសាបារាំងហៅថា Contrôle Judiciaire) និងមិនស្ថិតក្រោមរបប នៃការឃុំខ្លួនបណ្តោះអាសន្ន ដែលទាក់ទងនឹងរយៈពេល នៃការឃុំខ្លួនបណ្តោះអាសន្ន ដែលមានយ៉ាងច្រើន ១៨ ខែនោះឡើយ”។ ម្យ៉ាងទៀត ការអះអាងថា ការឃុំខ្លួនបណ្តោះអាសន្នតាមច្បាប់បារាំង មានរយៈពេលមិនលើពី ២ថ្ងៃ គឺជារឿងបោកប្រាស់ និងជាការនិយាយដោយបំភាន់របស់ទណ្ឌិត សម រង្ស៊ី ដែលជាជនជាតិបារាំង មិនចេះច្បាប់បារាំងអីបន្តិចសោះ៕

អត្ថបទដែលជាប់ទាក់ទង