រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ បរិបទនាពេលបច្ចុប្បន្នមានចំណុច២ដែលគេអាចយកឈ្នះក្នុងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានទំនើប នោះគឺទី ១ខ្លឹមសារ និងល្បឿន
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថាអ្នកសារព័ត៌មាននាពេលបច្ចុប្បន្ននេះដែលត្រូវយកចិត្តទុកដាក់នោះគឺខ្លឹមសារព័ត៌មាន ។ក្នុងបរិបទនាពេលបច្ចុប្បន្នមានចំណុច២ដែលគេអាចយកឈ្នះក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទំនើប នោះគឺទី១ខ្លឹមសារ ដែលចាត់ទុកថាស្តេច និងទី២គឺល្បឿននៃការផ្សព្វផ្សាយដែលជាមធ្យោបាយយ៉ាងសំខាន់ផ្សារភ្ជាប់ទៅកាន់សាធារណៈជន។
គួរបញ្ជាក់ថាការថ្លែងពីសំនាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបែបនេះធ្វើឡើងក្នុងពិធីសម្ពោធអគារការិយាល័យថ្មី នាំស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)នៅ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា៖សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនាបច្ចុប្បន្ន និងតម្រូវការរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរ។ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ននេះមានជម្រើស៣ក្នុងការទទួលព័ត៌មាន។ចំណុចទី១គាត់ទទួលនូវខ្លឹមសារព័ត៌មាននូវអ្វីដែលយើងផលិតជូនដល់គាត់។ហេតុនេះបើយើងផលិតមិនតម្រូវចិត្តគាត់ ហើយគាត់មិនពេញចិត្តពេលនោះគាត់នឹងមិនមើល។គាត់នឹងងាកទៅមើលជម្រើស២ទៀតគឺមើល tiktok youtube ឬហ្វេសប៊ុក ដែលជាប្រភពព័ត៌មានមួយសម្រាប់គាត់។
សម្រាប់ជម្រើសទី៣គឺបើគាត់គិតថាមិនមានមាតិការសម្រាប់មើល ហេតុនេះគាត់នឹងបង្កើតមាតិការខ្លួនឯងនោះគឺ Content producer(អ្នកផលិតមាតិការ) ។បច្ចុប្បន្នអ្នកផលិតមាតិការមួយចំនួនបានដើរតួនាទីយ៉ាងសំខាន់ ហើយមួយចំនួនបានប្រជែងទីផ្សារប្រព័ន្ធផ្សព្វផ្សាយផង។ទាំងអស់នោះដើម្បីយើងអាចប្រកួតប្រជែងបានត្រូវតែមានការផ្លាស់ប្តូរ។ក្រៅពីនេះក៏ត្រូវគិតអំពីរបៀបនឹងវិធីសាស្រ្តក៏ដូចជាបច្ចេកទេស ពិសេសជ្រើសរើសខ្លឹមសារដែលមានការទាក់ទាញជាចាំបាច់។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ក្នុងការប្រកួតប្រជែង និងពិសេសបន្ទាប់ពីមានការកែទម្រង់ និងពិសេសសម័យឌីជីថលដែលជាតម្រូវការទស្សនិកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញធ្វើឱ្យទូរទស្សន៍អប្សរាបានចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានជូនដល់សាធារណៈជន និងពិសេសជាងនេះមាតិការនៃការផលិតសុទ្ធសឹងជាមាតិការដែលបម្រើ និងបង្ហាញពីការពិតទៅដល់សង្គមនូវអ្វីដែលកម្ពុជាយើងកំពុងជួប។ទាំងនេះគឺជាអ្វីដែលយើងបានឃើញពីក្តីសង្ឃឹមទៅមុខនៃការរស់រាន ក៏ដូចជាការធ្វើសមាហរណកម្មនៃប្រព័ន្ធផ្សព្វផ្សាយបុរាណចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនើប។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ដែរថា៖ទស្សន៍អប្សរាជាទូរទស្សន៍មានវ័យចំណាស់ដោយបានចាប់ផ្តើមឡើងពីឆ្នាំ ១៩៩៤ដល់ឆ្នាំ២០២៤។អប្សរាជាទូរទស្សន៍មានវ័យចំណាស់បន្ទាប់ពីទូរទស្សន៍ជាតិកម្ពុជាដែលបានបើកដំណើរការកន្លងមក។គិតមកដល់ពេលនេះទូរទស្សន៍អប្សរាមានអាយុ៣០ឆ្នាំហើយ។បច្ចុប្បន្នបុគ្គលិករបស់ទូរទស្សន៍ អប្សរាមានភាពចាស់ទុំ និងមានភាពកាន់តែរឹងមាំទៅលើវិជ្ជាជីវៈ។ពីមួយថ្ងៃទៅមួយថ្ងៃបានទទួលការគាំទ្រក្នុងចំណោមទស្សនិកជននៃប្រទេសកម្ពុជា។ជាមួយគ្នាទូរទស្សន៍អប្សរាក៏មានការផលិតកម្មវិធីដែលប្រកបដោយគុណភាព និងជាការទាក់ទាញ។
គួរបញ្ជាក់ថាក្រុមហ៊ុនអប្សរា មេឌាសីវីស បានសម្ពោធដាក់ឱ្យប្រើ ប្រាស់អគារការិយាល័យ រួមជាមួយពិធីអបអរសាទរខួប៣០ឆ្នាំរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និង ខួប០៣ឆ្នាំ របស់បណ្តាញព័ត៌មានAMS ។ អស់រយៈពេលជាង៣០ឆ្នាំ ក្រុមហ៊ុនអប្សរាព័ត៌មាន បានខិតខំ បំពេញការងារអាទិភាព និងខំធ្វើកំណែទម្រង់ស៊ីជម្រៅលើកិច្ចការជាច្រើន ដើម្បីធានាដំណើរការ ផ្សព្វផ្សាយ និងការផ្សព្វផ្សាយមាននិរន្តរភាពក្នុងទីផ្សារសោតទស្សន៍នៅកម្ពុជា៕